ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្លែងនៅថ្ងៃនេះថា លោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាបញ្ហាណាមួយជាមួយលោក បារ៉ាក់ អូបាម៉ា នៅពេលមេដឹកនាំទាំងពីរជួបប្រជុំនៅប្រទេសឡាវនៅសប្ដាហ៍ក្រោយ ប៉ុន្តែលោកបន្ថែមថាប្រធានាធិបតីអាមេរិកត្រូវតែស្ដាប់លោកសិន មុននឹងលើកឡើងពីបញ្ហាសិទ្ធិមនុស្ស។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានផ្សាយថា ក្រុងវ៉ាស៊ីងតោន បានបង្ហាញក្ដីបារម្ភអំពីកំណើននៃការសម្លាប់មនុស្សពាក់ព័ន្ធនឹងគ្រឿងញៀន ចាប់តាំងពីលោក Duterte បានក្លាយជាប្រធានាធិបតី កាលពី ២ខែមុន ដោយបានសន្យាបោសសម្អាតគ្រឿងញៀននៅក្នុងប្រទេសមួយនេះ។
ដោយត្រូវបានចោទសួរថា តើលោកមានឆន្ទៈពិភាក្សាបញ្ហាសិទ្ធិមនុស្សនៅឯជំនួបជាមួយលោក អូបាម៉ា ដែរឬយ៉ាងណានោះ លោក Duterte បានថ្លែងថា ពួកគេត្រូវតែយល់ពីបញ្ហាជាមុនសិន មុននឹងនិយាយពីសិទ្ធិមនុស្ស៕