កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃនេះថា កូរ៉េខាងជើងបានប្រហារជីវិតរដ្ឋមន្ត្រីអប់រំ លោក គីម យ៉ុងជីន និងស្ដីបន្ទោសមន្ត្រីជាន់ខ្ពស់២រូបទៀត។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។
សារព័ត៌មាន Channel News Asia បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក ជឹង ជូនហ៊ី ដែលបានថ្លែងអំឡុងសន្និសីទសារព័ត៌មានមួយថា រដ្ឋមន្ត្រីអប់រំ លោក គីម យ៉ុងជីន ត្រូវបានគេប្រហារជីវិត។
លោក ជឹង ជូនហ៊ី (Jeong Joon-Hee) បន្ថែមថា លោក គីម យ៉ុងជុល ប្រធាននាយកដ្ឋានរណសិរ្សបង្រួបបង្រួមកូរ៉េខាងជើងដែលទទួលបន្ទុកសម្របសម្រួលទំនាក់ទំនងកូរ៉េទាំងពីរ ត្រូវបានដាក់ឲ្យស្ថិតក្រោមវិធានការបដិវត្តន៍។
កូរ៉េខាងត្បូងបានថ្លែងដូច្នេះ ក្រោយពីមានសេចក្ដីរាយការណ៍កាលពីថ្ងៃម្សិលមិញថាកូរ៉េខាងជើងបានប្រហារជីវិតមន្ត្រីជាន់ខ្ពស់២រូបនៅដើមខែសីហានេះ ដោយសារមិនគោរព លោក គីម ជុងអ៊ុន។
ទោះជាយ៉ាងណា លោក ជឹង បដិសេធផ្ដល់ព័ត៌មានលម្អិតអំពីករណីនេះ៕