ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឲ្យភូមាទទួលស្គាល់ក្រុមរ៉ូហ៊ីងយ៉ាជាពលរដ្ឋ

លោក បាន គីមូន និងលោកស្រី អ៊ុងសាន ស៊ូជី (រូបភាពពី AP)

នៅឯប្រទេសភូមាឯណោះវិញ ប្រមុខអង្គការសហប្រជាជាតិ លោក បាន គីមូន បានថ្លែងកាលពីថ្ងៃម្សិលមិញថា ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសនេះ គួរទទួលបានសិទ្ធិជាពលរដ្ឋ បន្ទាប់ពីពួកគេរស់នៅក្នុងប្រទេសនេះរាប់ជំនាន់មកហើយនោះ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

លោក បាន គីមូន បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយមេដឹកនាំភូមា លោកស្រី អ៊ុងសាន ស៊ូជី ថា៖ «នេះមិនត្រឹមតែជាបញ្ហាសិទ្ធិអត្តសញ្ញាណផ្ទាល់ខ្លួនរបស់សហគមន៍រ៉ូហ៊ីងយ៉ានោះទេ។ មនុស្សដែលរស់នៅក្នុងប្រទេសនេះរាប់ជំនាន់មកហើយនោះ គួរទទួលបានឋានៈនិងភាពជាពលរដ្ឋដូចគ្នាទៅនឹងមនុស្សគ្រប់រូប»។

AFP បានរាយការណ៍ថាមនុស្សជាច្រើនមកពីក្រុមជនជាតិភាគមូស្លីមរ៉ូហ៊ីងយ៉ា មិនត្រូវបានគេទទួលស្គាល់ជាពលរដ្ឋនោះឡើយ នៅក្នុងសង្គមភូមាដែលគោរពប្រតិបត្តិពុទ្ធសាសនា។

មនុស្សជាង១២ម៉ឺននាក់បានផ្លាស់ទៅរស់នៅក្នុងជំរុំនៅរដ្ឋរ៉ាក់ឃីន ក្រោយពីភៀសខ្លួនចេញពីអំពើហិង្សាបង្កឡើងដោយក្រុមជាតិនិយមពុទ្ធបរិស័ទកាលពីឆ្នាំ២០១២។

មនុស្សរាប់ពាន់នាក់បានភៀសខ្លួនតាមទូកតូចៗទៅបណ្ដាប្រទេសនានានៅអាស៊ីអាគ្នេយ៍ ដើម្បីស្វែងរកជីវិតល្អប្រសើរ ប៉ុន្តែពួកគេបែរជាលង់ទឹកស្លាប់ឬក៏ធ្លាក់ខ្លួនជាជនរងគ្រោះនៃការជួញដូរមនុស្ស។

កាលពីខែមិថុនាកន្លងមក អង្គការសហប្រជាជាតិបាននិយាយថា ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានទទួលរងការរើសអើងយ៉ាងជ្រាលជ្រៅ ដែលអាចស្មើទៅនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ