បក្សប្រឆាំងជំរុញសហគមន៍អន្តរជាតិទប់ស្កាត់កម្ពុជាកុំឲ្យវិលទៅរករបបផ្តាច់ការ

គណបក្សប្រឆាំងជំរុញឲ្យមេដឹកនាំអាស៊ាននិងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជួយទប់ស្កាត់កម្ពុជាកុំឲ្យវិលទៅរករបបផ្តាច់ការ ដោយថារដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន កំពុងយកតុលាការធ្វើជាឧបករណ៍នយោបាយ។

នៅថ្ងៃទី៥ខែកញ្ញានេះ អាជ្ញាធររាជនធានីភ្នំពេញរាប់ស៊ឹបនាក់បានដាក់របាំងបិទផ្លូវច្រើនកន្លែងនៅម្តុំសង្កាត់ចាក់អង្រែលើជិតស្នាក់ការគណបក្សសង្គ្រោះជាតិ ទប់ស្កាត់មិនឲ្យគណបក្សនេះហែញត្តិដាក់តាមស្ថានទូតនានាប្រចាំកម្ពុជា ស្វែងរកដំដោះស្រាយនយោបាយនោះទេ។

ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅស្នាក់ការគណបក្សថា តំណាងរាស្ត្ររបស់ខ្លួន៥រូបបានដាក់ញត្តិទៅកាន់ស្ថានទូតយ៉ាងតិចចំនួន១៥តាមការគ្រោងទុក បើទោះបីជាមានការរារាំង។

លោក សុន ឆ័យ បានអានលិខិតនោះថាមានខ្លឹមសារជំរុញឲ្យមេដឹកនាំអាស៊ានទាំង១០ប្រទេសនិងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីសដែលមាន១៨ប្រទេសរួមទាំងមហាអំណាចទាំង៥ ត្រូវបំពេញតួនាទីរបស់ខ្លួនជំរុញឲ្យកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យ គោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិ។

លោកបន្តថា៖ «អ្នកកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជាក្នុងរដ្ឋាភិបាលបានប្រព្រឹត្តល្មើសនឹងឆន្ទៈរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញស្រាប់ និងគោលការណ៍ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាន់តែធ្ងន់ធ្ងរទៅៗ។ ដោយបានប្រើអំណាចដោយរំលោភក្នុងការគាបសង្កាត់សិទ្ធិសេរីភាពរបស់ពលរដ្ឋនិងប្រើប្រាស់ប្រព័ន្ធតុលាការចាប់ចងនិងការឃុំឃាំងសកម្មជនដីធ្លី មន្ត្រីសិទ្ធិមនុស្ស និងថ្នាក់ដឹកនាំសហជីព រួមទាំងសមាជិកនិងថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិទៀតផង»។

លោក សុន ឆ័យ អានបន្តថា ការចោទប្រកាន់លោក សម រង្ស៊ី ដែលព្រះមហាក្សត្រលើកលែងទោសរួចហើយ លោកថាជាការរំលោភរដ្ឋធម្មនុញ្ញ។

ការចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិសភា ការបាញ់សម្លាប់មនុស្សក្រៅច្បាប់ ដូចជាមេដឹកនាំសហជីព អ្នកការពារព្រៃឈើ អ្នកវិភាគនយោបាយលោក កែម ឡី ជាដើម ដោយមិនបានចាប់អ្នកនៅពីក្រោយឃាតកម្មមកផ្តន្ទាទោស លោក សុន ឆ័យ ថាជាគ្រោះថ្នាក់ប្រជាធិបតេយ្យ បើសហគមន៍អន្តរជាតិមិនទប់ស្កាត់ទាន់ពេល។

លោកថា៖ «រួមទាំងថ្មីៗនេះ ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់ទោសប្រធានស្ត្រីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ដោយរំលោភរដ្ឋធម្មនុញ្ញនិងនីតិវិធីរបស់តុលាការ បានបង្ហាញកាន់តែច្បាស់ពីការប្រើអំណាចបែបផ្តាច់ការមកលើអ្នកនយោបាយនិងប្រជាពលរដ្ឋដែលយើងមិនអាចទទួលយកបាន»។

បើតាមលោក សុន ឆ័យ ស្ថានទូតអាមេរិក សហភាពអ៊ឺរ៉ុប អង្គការសហប្រជាជាតិ រួមទាំងស្ថានទូតមួយចំនួនទៀត ដែលទទួលញត្តិនៅថ្ងៃនេះលោកថា ពួកគេនឹងយកចិត្តទុកដាក់ពីការព្រួយបារម្ភរបស់តំណាងរាស្ត្រគណបក្សប្រឆាំង។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការចោទប្រកាន់របស់តំណាងរាស្ត្របក្សប្រឆាំង ដោយអះអាងថាចំណាត់ការកន្លងទៅលោកថាជាវិធានការច្បាប់។ លោកថា ចំណែកសហគមន៍អន្តរជាតិក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាតាមការអំពាវនាវរបស់តំណាងរាស្ត្របក្សប្រឆាំងដែរ។

លោកបន្តថា៖ «មេបក្សទាំងពីរគឺប្រធានអនុប្រធាន[លោក សម រង្ស៊ី និង លោក កឹម សុខា] វាពាក់ព័ន្ធនឹងការប្រព្រឹត្តល្មើសច្បាប់ អញ្ចឹងទេគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ អញ្ជឹងអានេះហើយ ជាការស្របនឹងកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីស ឲ្យយើងដើរតាមគន្លងប្រជាធិបតេយ្យសេរីពហុបក្ស ហើយពង្រឹងនីតិរដ្ឋ ហើយបើគាត់ខុសច្បាប់ហើយ គេត្រូវតែអនុវត្តច្បាប់ហ្នឹងហើយ»។

កន្លងទៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប រួមទាំងតំណាងអង្គការសហប្រជាជាតិលោក បាន គីមូន ផងបានចាត់ទុកថា បក្សកាន់អំណាចបានប្រើប្រព័ន្ធតុលាការយាយីនិងគំរាមកំហែងដល់អង្គការសង្គមស៊ីវិល អ្នកនយោបាយបក្សប្រឆាំង និងស្នើឲ្យទម្លាក់បទចោទដល់មេបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន ដែលសហគមន៍អន្តរជាតិថា ដើម្បីធានដល់ភាពត្រឹមត្រូវនិងយុត្តិធម៌ដល់ដំណើការបោះឆ្នោត ដែលកម្ពុជាគ្រោងធ្វើនៅឆ្នាំ២០១៧និង២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ