ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានផ្សាយនៅថ្ងៃនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យយោធាបន្តកសាងថាមពលនុយក្លេអ៊ែរ បន្ទាប់ពីចេញបញ្ជាឲ្យបាញ់គ្រាប់មីស៊ីលលើកចុងក្រោយ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីពីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង។
បើតាម AFP ក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីល៣ដើមចូលទៅក្នុងសមុទ្រកាលពីថ្ងៃចន្ទម្សិលមិញ ដែលជាការបង្ហាញអំណាចជាថ្មីទៀត ខណៈដែលមេដឹកនាំពិភពលោកជួបប្រជុំគ្នានៅជំនួប G20 នៅប្រទេសចិន។
ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងត្រូវបាន AFP ដកស្រង់ព័ត៌មានចុះផ្សាយថា លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ពីតម្រូវការបន្តធ្វើឲ្យសម្រេចជោគជ័យក្នុងការពង្រឹងអំណាចនុយក្លេអ៊ែរមួយទៀតនៅក្នុងឆ្នាំនេះ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងបន្ថែមថា លោក គីម បានបញ្ជាឲ្យធ្វើសមយុទ្ធយោធាក្នុងបំណងពិនិត្យមើលសមត្ថភាពកងទ័ពនិងសុក្រឹត្យភាពនៃគ្រាប់រ៉ុកកែតបាលីស្ទីកដែលត្រូវបានដាក់ពង្រាយ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងត្រូវបាន AFP ដកស្រង់សម្ដីចុះផ្សាយថា គ្រាប់មីស៊ីលនោះអាចជាគ្រាប់មីស៊ីល Rodong រត់បានចម្ងាយ១ពាន់គីឡូម៉ែត្រ ហើយវាត្រូវបានគេបាញ់ចេញដោយគ្មានសញ្ញាព្រមានទៅដល់ជប៉ុននោះឡើយ៕