លោក បារ៉ាក់ អូបាម៉ា នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកមកកាន់តំបន់អាស៊ីក្នុងឋានៈជាប្រធានាធិបតីអាមេរិកនោះ នៅថ្ងៃនេះបានបញ្ជាក់ថា ទំនាក់ទំនងអាមេរិកជាមួយតំបន់នេះនឹងនៅតែបន្ត បន្ទាប់ពីលោកចាកចេញពីសេតវិមាន។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក អូបាម៉ា ត្រូវបាន AFP ដកស្រង់សម្ដីចុះផ្សាយថា ផលប្រយោជន៍អាមេរិកនៅអាស៊ី-ប៉ាស៊ីហ្វិកមិនមែនជារឿងថ្មីនោះទេ។ វាមិនមែនគ្រាន់តែមួយគ្រានោះឡើយ។ វាឆ្លុះបញ្ចាំងពីផលប្រយោជន៍ជាតិជាមូលដ្ឋាន។
ប្រធានាធិបតីអាមេរិករូបនេះកំពុងស្ថិតក្នុងដំណើរលើកទី១១និងលើកចុងក្រោយមកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយព្យាយាមបង្វែរគោលនយោបាយមកកាន់តំបន់នេះនៅក្នុងរដ្ឋបាលរយៈពេល៨ឆ្នាំរបស់លោក។
អំឡុងការថ្លែងសុន្ទរកថារបស់លោកនៅប្រទេសឡាវ លោក អូបាម៉ា បានចំណាយពេលសង្ខេបគោលនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលតែងតែរអាក់រអួលដោយសារតែអំពើហិង្សានិងអស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ា។
លោកថ្លែងបន្តថា៖ “ជាប្រធានាធិបតី អាទិភាពសំខាន់មួយនៃគោលនយោបាយការបរទេសរបស់ខ្ញុំ គឺពង្រឹងទំនាក់ទំនងរបស់យើងជាមួយបណ្ដាប្រទេសនានា និងប្រជាជនអាស៊ី-ប៉ាស៊ីហ្វិក”។
លោក អូបាម៉ា បានប្រកាសពីការបង្កើនកិច្ចសហប្រតិបត្តិការវិស័យយោធាជាមួយបណ្ដាប្រទេសនានា ដូចជា ហ្វីលីពីន សិង្ហបុរី និងឥណ្ឌា ព្រមទាំងជំរុញពាណិជ្ជកម្មបន្ថែមទៀតជាមួយតំបន់នេះ ហើយប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទាំងនេះ៕