ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ ចាត់វិធានការទប់ស្តាត់ក្រុមឈ្មួញនិងក្រុមហ៊ុនកុំឲ្យទម្លាក់ថ្លៃកសិផលតាមចិត្ត ខណៈកសិករកំពុងតែប្រមូលផលកសិកម្ម។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យដឹងថា ការចាត់វិធានការទប់ស្កាត់ការនេះ គឺដើម្បីរក្សាស្ថិរភាពថ្លៃកសិផល ជាពិសេសតម្លៃស្រូវឲ្យមានតម្លៃសមស្រប កុំឲ្យក្រុមឈ្មួញឈ្លៀតឱកាសបន្ទាបតម្លៃកសិផលរបស់កសិករ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ “ស្នើលោកប្រធាន(មន្ទីរ)សហការជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នូវការប្រមូលទិញផ្ដាច់មុខពីសំណាក់ឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចាថ្លៃឲ្យបានសមស្របតាមស្ថានភាពជាក់ស្ដែងនិងលើកវិធានការជូនរដ្ឋបាលរាជធានីខេត្ត ដើម្បីចូលរួមដោះស្រាយ“។
នាយកកម្មវិធីបរិស្ថាននិងសុខភាពនៃអង្គការសេដាក លោក គាម មករាឌី សាទរចំពោះចំណាត់ការរបស់ក្រសួង ប៉ុន្តែលោកថាលោកមិនទាន់មានជំនឿលើការអនុវត្តឡើយ។
លោកមានប្រសាសន៍ថា៖ “ខ្ញុំគិតថាវាមិនមានប្រសិទ្ធភាព១០០% ទេ ក៏ប៉ុន្តែអាចជាជំនួយស្មារតីមួយដែរ ទៅដល់មន្ត្រីឬក្រុមហ៊ុនចំនួនថាអាចនឹងគិតពិចារណាជួយដល់ប្រជាកសិករចឹង។ ចឹងអាចវាមានប្រសិទ្ធភាពជាជំនួយស្មារតីដល់គាត់ ក្រុមគាត់(កសិករ)ប៉ុណ្ណឹង“។
អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ប្រសិនបើក្រសួងចង់បង្កើននូវផលិតផលស្រូវនិងទប់ស្កាត់ការទម្លាក់តម្លៃស្រូវរបស់ឈ្មួញនោះ គួរតែចុះធ្វើការនេះផ្ទាល់ឬចាត់ឲ្យមន្ត្រីទាំងអស់ឲ្យចុះត្រួតពិនិត្យនៅពេលដល់រដូវប្រមូលផលរបស់កសិករ។ លោកបន្តថា បើក្រសួងគ្រាន់តែចេញលិខិតជូនដំណឹង ដើម្បីឲ្យចាត់វិធានការនោះ គឺមិនមានប្រសិទ្ធភាពទេ កាលណាបើគ្មានយន្តកាលច្បាស់លាស់នោះ ព្រោះឈ្មួញបច្ចុប្បន្នមិនសូវជាស្ដាប់ទេ។
លោកមានប្រសាសន៍ថា៖ “ក្រសួងកសិកម្មខ្លួនឯងគឺត្រូវតែធ្វើការបម្រុងថវិកាឬក៏ដកថវិការបស់រដ្ឋស្នើទៅនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំថវិកាហ្នឹងរបស់រដ្ឋក្នុងការប្រមូលទិញស្រូវរបស់កសិករក្នុងរដូវប្រមូលផល ដើម្បីរក្សានូវតម្លៃទៀត “។
ការចេញវិធានការរបស់ក្រសួងកសិកម្មនេះស្របពេលដែលប្រជាកសិករកំពុងតែត្អូញត្អែរពីថ្លែកសិផលរបស់ពួកគេផលិតបានមិនមានទីផ្សារលក់ឬលក់បានក្នុងតម្លៃថោកមិនរួចថ្លៃដើមនៃការផលិត។ នៅប៉ុន្មានថ្ងៃកន្លងទៅនេះ កសិករនៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំជាដើមបានសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ករណីស្រូវ ដំឡូងមី និងល្ពៅដែលពួកគេដាំបាន មិនមានឈ្មួញទិញ នាំឲ្យពួកគេកាន់តែជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅពិសេសមិនមានលុយបង់សងធនាគារ៕