ប្រទេសចិននឹងប្រឈមមុខនឹងព្យុះទីហ្វុងទីពីរ នៅក្នុងរយៈពេលមួយសប្ដាហ៍ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសអាសន្ននូវព្យុះទីហ្វុងម៉ាឡាកាស កាលពីថ្ងៃម្សិលមិញ ខណៈដែលបណ្ដាខេត្តនៅភាគអាគ្នេយ៍ប្រទេសចិន កំពុងបោសសម្អាត ក្រោយរងខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង។ នេះដោយយោងតាមការផ្សាយទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានបន្ថែមថា ព្យុះម៉ាឡាកាស គឺជាព្យុះទីហ្វុងទី ១៦ នៅក្នុងឆ្នាំនេះ ដែលកើតឡើងក្រោយព្យុះទីហ្វុងមេរ៉ាន់ទី ដែលបោកបក់ទៅលើខេត្តហ៊្វូជាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ព្យុះមេរ៉ាន់ទី បានសម្លាប់មនុស្សយ៉ាងតិច ១១នាក់ នៅចិន និងតៃវ៉ាន់ ហើយបានកាត់ផ្ដាច់ចរន្តអគ្គិសនីផ្ទះសម្បែងជាង ១លានខ្នង។
នៅមុនបកបោកមកដល់ ព្យុះមេរ៉ាន់ទី បានជំរុញឲ្យចិនប្រកាសអាសន្នចំពោះអាកាសធាតុដ៏អាក្រក់ ដែលត្រូវបានគេព្យាករថានឹងកើតមានចំពោះប្រទេសចិន។
ទីភ្នាក់ងារស៊ិនហួ ដែលបានដកស្រង់ព័ត៌មានពីមជ្ឈមណ្ឌលឧតុនិយមចិន បានរាយការណ៍ថា ព្យុះម៉ាឡាកាស ត្រូវបានគេព្យាករថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងក្លានៅតាមឆ្នេរសមុទ្រខេត្តសេជាំង និងហ៊្វូជាន ព្រមទាំងផ្នែកខ្លះនៃកោះតៃវ៉ាន់ ចាប់ពីរាត្រីថ្ងៃម្សិលមិញ រហូតដល់ថ្ងៃអាទិត្យនេះ៕