ការចុះបញ្ជីក្រុមហ៊ុនថ្មីនៅក្នុងប្រទេសថៃបានកើនឡើងខ្ពស់កាលពីខែសីហាកន្លងមកដោយសារតែវិធានការជំរុញការវិនិយោគរបស់រដ្ឋាភិបាលនិងកំណើនរឹងមាំនៃវិស័យទេសចរណ៍។ នេះដោយយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃនេះ។
កាសែតថៃមួយនេះដែលបានដកស្រង់របាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ បានផ្សាយបន្តថា ចំនួនក្រុមហ៊ុនចុះបញ្ជីថ្មីកាលពីខែសីហាកន្លងមកបានកើនឡើង២៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥កន្លងមកឬកើនដល់ទៅ៦,២០០ក្រុមហ៊ុន ខណៈចំនួនក្រុមហ៊ុនចុះបញ្ជីថ្មីក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០១៦ បានកើនឡើងដល់ទៅ៤២,៩១១ក្រុមហ៊ុនឬស្មើនឹងកំណើន៣ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥កន្លងមក។
យោងតាមកាសែតថៃដដែលនេះ ខណៈដែលចំនួនក្រុមហ៊ុនចុះបញ្ជីថ្មីកើនឡើងខ្ពស់ វាបានក៏បានជំរុញឲ្យមានកំណើនទុនវិនិយោគខ្ពស់ដល់ទៅ៤៦ភាគរយឯណោះកាលពីខែមុនឬស្មើនឹង១៩.៣៦ពាន់លានបាតឬជាង ៥៥៤លានដុល្លារអាមេរិក ខណៈដែលតម្លៃទុនវិនិយោគសរុបរយៈពេល៨ខែកន្លងមកកើនឡើងដល់ទៅ២៧ភាគរយឬស្មើនឹង១៦១.៣៧ពាន់លានបាតឬជាង៤,៦២៤លានដុល្លារអាមេរិក។
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ លោក ផុងផុន ជីរ៉ាវិរិយៈផុន បានប្រាប់បាងកកប៉ុស្តិ៍ថា វិធានការធំៗរបស់រដ្ឋាភិបាលដូចជាការលើកទឹកចិត្តផ្នែកពន្ធដើម្បីជំរុញការវិនិយោគនិងកំណើនដ៏រឹងមាំនៃវិស័យទេសចរណ៍ បានជំរុញដល់ការបង្កើនសហគ្រាសថ្មីៗដែលភាគច្រើនស្ថិតក្នុងវិស័យសាងសង់៕