សារព័ត៌មាន Channel News Asia បានផ្សាយថាមនុស្ស១០នាក់បានស្លាប់និង៣នាក់បានបាត់ខ្លួននៅក្នុងទឹកជំនន់ដ៏ឆាប់រហ័សនិងការរអិលបាក់ដីនៅលើកោះចាវ៉ា របស់ឥណ្ឌូនេស៊ី។
សារព័ត៌មានសិង្ហបុរី ដកស្រង់សម្ដីមន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ីដែលថ្លែងថា ភ្លៀវធ្លាក់ជោគជាំបានបង្កជាទឹកជំនន់យ៉ាងឆាប់រហ័សនៅតំបន់ហ្គារ៉ុត ស្ថិតនៅភាគខាងលិចកោះចាវ៉ា នៅព្រឹកថ្ងៃពុធនេះ ដែលបានជន់ឡើងដល់ទៅ២ម៉ែត្រឯណោះ។
អាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថា ជំនន់ទឹកភ្លៀងដ៏រហ័សនេះបានសម្លាប់មនុស្ស៨នាក់ ហើយមនុស្សម្នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីទឹកទន្លេជន់លិចច្រាំង ខណៈមនុស្សរាប់រយនាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ៕