តំណាងរាស្ត្របក្សប្រឆាំងដែលសកម្មរឿងព្រំដែន លោក អ៊ុំ សំអាន មានប្រសាសន៍ថាលោកអាចនៅក្រៅឃុំបានលុះត្រាតែមានបញ្ជាឲ្យដោះលេងពីរដ្ឋាភិបាលក្រុងហាណូយ។
ការលើកឡើងរបស់តំណាងរាស្ត្ររូបនេះ ខណៈតុលាការកំពូលនាំខ្លួនមកបើកសវនាការនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមេធាវីការពារក្តីបានប្តឹងជំទាស់នឹងការឃុំខ្លួន ប៉ុន្តែតុលាការបានច្រានចោលបណ្តឹងជំទាស់នេះ។
ក្រោយបញ្ចប់ការជំនុំជម្រះលោក អ៊ុំ សំអាន ថ្លែងទៅកាន់អ្នកសារព័ត៌មានដែលដេញសម្ភាសន៍លោកនោះថាករណីរបស់លោកគឺរងឥទ្ធិពលពីរដ្ឋាភិបាលទីក្រុងហាណូយ ហើយលោកមិនសង្ឃឹមទទួលបានយុត្តិធម៌នោះទេ។
លោកបន្ថែមថា៖ “ព្រោះតុលាការគ្រាន់តែកូនអុកឬតេលេរបស់អ្នកមានអំណាចប៉ុណ្ណោះឯង ហើយលោក ហ៊ុន សែន គាត់ធ្វើបាបអ្នកស្នេហាជាតិ ដើម្បីតម្រូវចិត្ត[វៀតណាម] ដើម្បីស្តាប់តាមបញ្ជាពីក្រុងហាយណូយ បើក្រុងហាណូយយល់ព្រម គឺយល់ព្រមហើយ[ដោះលែង]”។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថាការឡើងរបស់តំណាងរាស្រ្តបក្សប្រឆាំងនេះគ្រាន់តែជាឡេះ ដើម្បីបិទបាំងទោសកំហុសរបស់ខ្លួនតែប៉ុណ្ណោះ។ លោកបន្ថែមថា៖ “នៅពេលដែលខ្លួន[លោក អ៊ុំ សំអាន]មិនមានមូលដ្ឋានផ្លូវច្បាប់គ្រប់គ្រាន់ ដើម្បីតតាំងជាមួយនឹងអាជ្ញាធរសាធារណៈនោះ គឺថាទៅបង្កើតជាឡេះរឿងផ្សេងពាក់ព័ន្ធវៀតអីទៅវិញ ដើម្បីបិទបាំងអំពើល្មើសរបស់ខ្លួនឯង”។
លោក អ៊ុំ សំអាន ត្រូវបានតុលាការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោកបានរិះគន់រដ្ឋាភិបាលកម្ពុជាថាប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។
មេធាវីការពារក្តីលោក អ៊ុំ សំអាន គឺលោក ហែម សុជាតិ មានប្រសាសន៍ថាតុលាការឃុំខ្លួនលោក អ៊ុំ សំអាន ដោយខុសច្បាប់និងរំលោភសិទ្ធិអ្នកតំណាងរាស្រ្តដែលធានាដោយរដ្ឋធម្មនុញ្ញ ដោយថាលោក អ៊ុំ សំអាន នៅមានអភ័យឯកសិទ្ធិនៅឡើយ។
លោកបន្ថែមថា៖ “លោក អ៊ុំ សំអាន មកដល់ពេលនេះម៉ោងនេះនៅតែជាតំណាងរាស្រ្ត ព្រោះថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនតំណាងរាស្រ្តណាម្នាក់ត្រូវតែមានការដកអភ័យឯកសិទ្ធិពីសំណាក់រដ្ឋសភាជាមុនសិន គឺត្រូវការសំលេង២ភាគ៣នៃតំណាងរាស្រ្តទាំងមូល គឺ៨២សំលេង ប៉ុន្តែសម្រាប់លោក អ៊ុំ សំអាន មិនបានដក់នៅឡើយទេ ការមិនបានដក់នេះហើយ ដែលជានីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ នគរបាលយុត្តិធម៌ សភាស៊ើបសួរ និងតុលាការកំពូល”។
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងនេះ តែលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ។
លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលយប់នៅក្រុងសៀមរាប ទាំងមិនបានដកអភ័យឯកសិទ្ធិជាតំណាងរាស្ត្រ ក្រោយពីលោកចូលមកកម្ពុជាវិញកាលពីខែមេសា៕