តុលាការកាត់ទោសលោក នី ចរិយា ជាប់ទោស៦ខែ និងពិន័យ៦លានរៀល

លោក នី ចរិយា ក្រោយចេញពីការសាកសួរបន្ថែមនៅសាលាដំបូង កាលពីពេលកន្លងទៅ

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសលោក នី ចរិយា ឲ្យជាប់ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ពាក់ព័ន្ធនិងបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាប ដែលប្តឹងលោកពីបទបរិហារកេរ្តិ៍។

បន្ទាប់ពីសវនាការពេញមួយព្រឹកនៅថ្ងៃព្រហស្បតិ៍ ទី២២ កញ្ញា មានការដេញដោលរវាងអ្នកពាក់ព័ន្ធក្នុងរឿងក្តីនេះ ចៅក្រមបានប្រកាសសាលក្រមផ្តន្ទាទោសលោក នី ចរិយា នៅថ្ងៃត្រង់ថ្ងៃដដែលនេះ។

លោក នី ចរិយា ថ្លែងក្រោយពេលចេញពីបន្ទប់សវនាការ ស្តាប់សាលក្រមហើយថា លោកមិនសង្ឃឹមថា ទទួលបានយុត្តិធម៌ទេ បើប្រទេសនៅតែមិនមានយុត្តិធម៌នោះ៖ «កុំសង្ឍឹមថាតុលាការរកយុត្តិធម៌ បើប្រទេសមួយគ្មានយុត្តិធម៌»

ព្រះរាជអាជ្ញារងលោក សុក កែវបណ្ឌិត និង លោក គី ឬទ្ធី ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានប្តឹងលោក នី ចរិយា កាលពីពាក់កណ្តាលឆ្នាំ២០១៥ ពេល ដែលលោក នី ចរិយា នៅជាអ្នកបម្រើការងារនៅសមាគមការពារសិទ្ធិមនុស្សអាដហុក។ បណ្តឹងនោះប្តឹងពីបទបរិហារកេរ្តិ៍ ពាក់ព័ន្ធលោកនី ចរិយាចោទថា មន្ត្រីតុលាការខេត្ត សៀមរាប ចាប់ខ្លួនពលរដ្ឋអ្នកមានទំនាស់ដីធ្លីអយុត្តិធម៌។

បច្ចុប្បន្ន អគ្គលេខាធិការរងគ ជ ប លោក នី ចរិយា កំពុងជាប់បណ្តឹងមួយទៀត នៅ តុលាការ ពាក់ព័ន្ធ នឹងការចោទថា លោក បានសូក ប៉ាន់ សាក្សីមិនឲ្យនិយាយរឿងពិតប្រាប់តុលាការ ករណីចោទថា លោក កឹម សុខា មានសេ្នហាលួចលាក់ជាមួយនារីធ្វើការនៅហាងកាត់សក់មួយកន្លែង។ ប៉ុន្តែសង្គមស៊ីវិលជាតិ និង អន្តរជាតិមួយចំនួនលើកឡើងថា ការចោទប្រកាន់លោក នី ចរិយា និង មន្ត្រីសង្គមស៊ីវិលផ្សេងទៀតពាក់ព័ន្ធករណីនេះ ជារឿងនយោបាយដែលអ្នកមាន អំណាចចង់បំបិទសំឡេងអ្នកហ៊ានរិះគន់ មិនមែនជារឿងផ្លូវច្បាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ