វៀតណាមសង់បង្គោលថ្មនៅវត្តមួយក្នុងខេត្តកំពង់ចាម

សកម្មភាពវៀតណាមសង់បង្គោលថ្មនៅវត្តមួយក្នុងខេត្តកំពង់ចាម (រូបភាពពីបណ្តាញសង្គម)

ជនជាតិវៀតណាមមួយក្រុមបានសង់បង្គោលថ្មនៅវត្តមួយក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ធ្វើឲ្យមានការសង្ស័យពីសំណាក់អ្នកប្រើហ្វេសប៊ុក។

រូបភាពចំនួន៥សន្លឹកបង្ហោះតាមបណ្តាញសង្គមហ្វេសបុកបានបង្ហាញពីសកម្មភាពរបស់ជនជាតិវៀតណាមកំពុងសង់បង្គោលថ្មក្នុងវត្តបារាយណ៍ជាន់ដី ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សកម្មភាពជនជាតិវៀតណាមសង់បង្គោលថ្មនេះត្រូវបានអ្នកលេងហ្វេសបុកមួយចំនួនសង្ស័យថាជាចេតនាមិនល្អណាមួយរបស់ជនជាតិវៀតណាមកមលើកម្ពុជា។ ប៉ុន្តែមួយចំនួនទៀតលើកឡើងថាបង្គោលដែលវៀតណាមសង់នោះគឺជាបង្គោលកូអរដោនេរសម្រាប់ទុកវាស់ប្លង់ដីនិងការសាងសង់ផ្លូវនៅម្តុំនោះតែប៉ុណ្ណោះ។

ស្នងការនគរបាលខេត្តកំពង់ចាម លោក ប៉ែន រ័ត្ន ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថាលោកទទួលបានព័ត៌មាននេះហើយ ប៉ុន្តែលោកមិនដឹងច្បាស់ពីគោលបំណងដែលជនជាតិវៀតណាមសង់បង្គោលថ្មនោះដើម្បីអ្វីទេ។ តែយ៉ាងណាលោកថាស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមកំពុងតែចុះពិនិត្យហើយ។

លោកបន្ថែមថា៖ “ខ្ញុំឮគេនិយាយដែរ ក៏ប៉ុន្តែមិនទាន់ដឹងថាយ៉ាងម៉េចទេ ចាំមើលខ្ញុំឲ្យកំលាំងចុះមើលឲ្យច្បាស់សិនថា តើវាយ៉ាងម៉េច វាមិនមែនជាបង្គោលព្រំដែនអីមកនៅហ្នឹងទេ”។

ចំណែកអធិការនគរបាលស្រុកព្រៃឈរលោក ឃន ធី ប្រាប់វីអូឌីថាបង្គោលថ្មដែលជនជាតិវៀតណាមសង់នោះជាបង្គោលជីភីអេស សម្រាប់វាស់ប្រព័ន្ធសេវាទូរសព្ទដៃមិត្តហ្វូនដែលក្រុមហ៊ុនបានឲ្យជនជាតិវៀតណាមជាអ្នកធ្វើតែប៉ុណ្ណោះដោយថាមិនមានអ្វីជាបញ្ហានោះទេ។

គួររំលឹកថាកាលឆ្នាំ២០១៥ ពលរដ្ឋស្រុកស្អាងខេត្តកណ្តាលបាននាំគ្នាវាយកម្ទេចម៉ុងបញ្ចុះសពជនជាតិវៀតណាមចំនួន១៦ដែលសង់នៅលើដីខ្មែរ ដោយការវាយនោះគេសង្ស័យថាពលរដ្ឋខ្មែរនៅទីនោះបារម្ភខ្លាចបាត់បង់ដីទៅប្រទេសវៀតណាមពេលខាងមុខ ខណៈថ្នូរទើបនឹងកប់ខ្មោចថ្មីៗ បែរជាដាក់ថាកសាងតាំងពីអំឡុងឆ្នាំ១៩៦០ឬ១៩៧០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ