នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកលោក Mark Zuckerberg និងភរិយារបស់លោក គឺលោកស្រី Priscilla Chan កាលពីថ្ងៃពុធម្សិលមិញ បានសន្យាផ្តល់ប្រាក់ជាង៣ពាន់លានដុល្លារសម្រាប់គម្រោងស្រាវជ្រាវរកវិធីព្យាបាល បង្ការនិងគ្រប់គ្រងជំងឺឆ្លងដល់កុមារ។
លោកស្រី Chan ថ្លែងនៅទីក្រុង San Francisco កាលពីម្សិលមិញថា ការផ្តួចផ្តើមនេះជាគម្រោងជួយប្រឆាំងនិងជំងឺចំពោះកុមារនឹងអាចជួយកាត់បន្ថយការឈឺចាប់របស់មាតាបិតារបស់កុមារ។ លោកស្រីបន្តថាមនុស្សជាច្រើននៅតែមិនបានដឹងទូលំទូលាយអំពីខ្លួនប្រាណមនុស្សនិងបញ្ហាជំងឺពាក់ព័ន្ធថ្នាំវិទ្យាសាស្ត្រការខ្វះលទ្ធភាពបន្ថយការឈឺចាប់។ នេះបើតាមទីភ្នាក់សារព័ត៌មានរ៉យទ័រ។
នៅក្នុងព្រឹត្តិការណ៍នៃការថ្លែងនេះ មានការចូលរួមពីអ្នកជំនួញនិងអ្នកនយោបាយល្បីក្នុងនោះរូមមានទាំងលោក Bill Gates ប្រធានក្រុមហ៊ុន Microsoft Corp លោក Ed Lee អភិបាលក្រុង San Francisco និងលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា។
លោក Zuckerberg ថ្លែងក្នុងពិធីនោះថា វិទ្យាសាស្រ្តនិងសហគមន៍ថ្នាំពេទ្យបានរីកចម្រើនយ៉ាងចាប់រហ័សក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ គឺបាននិងកំពុងលុបបំបាត់ជំងឺអុចស្វាយនិងជំងឺ polio ជាជំងឺធ្វើឲ្យកុមារស្វិតដៃនិងជើង៕