ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់កូរ៉េខាងត្បូងប្រកាសពន្យារពេលដាក់លក់សារជាថ្មីទូរសព្ទប្រភេទថ្មីប្រចាំឆ្នាំ Galaxy Note 7 នៅក្នុងទឹកដីដីកូរ៉េខាងត្បូង ដោយបញ្ជាក់ថាក្រុមហ៊ុនត្រូវការពេលបន្ថែមទៀត ដើម្បីប្រមូលទូរសព្ទប្រភេទនេះដែលបានដាក់លក់ ហើយកំពុងមានបញ្ហា។
ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung កំពុងបន្តប្រមូលទូរសព្ទ Galaxy Note 7 ចំនួន២លាន៥សែនគ្រឿង បន្ទាប់ពីទទួលបានព័ត៌មានត្រលប់ពីអ្នកលក់ថា ទូរសព្ទប្រភេទថ្មីនេះមានបញ្ហាផ្ទុះពេលសាកថ្ម។
កាលដំបូងឡើយក្រុមហ៊ុនគ្រោងដាក់លក់ទូរសព្ទប្រភេទនេះឡើងវិញនៅថ្ងៃទី២៨ខែកញ្ញា ប៉ុន្តែពេលនេះពួកគេបញ្ជាក់ថានឹងពន្យារពេលរហូតដល់ខែតុលាវិញ។
កាលពីថ្ងៃទី២ខែកញ្ញា ក្រុមហ៊ុន Samsung ប្រកាសថាពួកគេឈប់លក់ទូរសព្ទប្រភេទនេះ ហើយអំពាវនាវឲ្យអតិថិជនឈប់ប្រើប្រាស់និងបញ្ជូនត្រលប់ទៅក្រុមហ៊ុនវិញ ក្រោយពេលមានបញ្ហាសាកថ្ម។
ក្រុមហ៊ុន Samsung បញ្ជាក់ថាពួកគេកំពុងអំពាវនាវឲ្យទីផ្សារសំខាន់ៗលើពិភពលោកចំនួន១០បញ្ជូនទូរសព្ទប្រភេទថ្មីនេះទៅក្រុមហ៊ុនវិញ ខណៈដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន២០០ ០០០នាក់បានបញ្ចូនទូរសព្ទមានបញ្ហាទាំងនោះទៅដល់ក្រុមហ៊ុនវិញហើយ។
ក្នុងចំណោមទូរសព្ទ Galaxy Note 7 ដែលក្រុមហ៊ុន Samsung ដាក់ចេញលក់ចំនួន២លាន៥សែននោះ បាននាំទៅទីផ្សារអាមេរិកចំនួន១លានគ្រឿង ហើយបច្ចុប្បន្នអាមេរិកក៏កំពុងតែអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនយកទូរសព្ទនេះប្រគល់ទៅក្រុមហ៊ុនវិញ៕