បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីលឡារី គ្លីនតុន នៅថ្ងៃនេះបានចោទប្រកាន់បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ថាជាបុគ្គលរើសអើងជាតិសាសន៍ ប្រកាន់ភេទ និងជាពាណិជ្ជករគេចវេសពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ដោយធ្វើឲ្យលោក ត្រាំ ប្រឹងប្រែងការពារខ្លួននៅអំឡុងកម្មវិធីជជែកដេញដោលមួយសម្រាប់ឈានទៅប្រកួតប្រជែងតំណែងសេតវិមាននាពេលខាងមុខ។ នេះដោយតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានដកស្រង់សម្ដី លោក ត្រាំ ដែលជាមហាសេដ្ឋីអចលនទ្រព្យនោះដែលបានថ្លែងថា ការបំពេញការងារជាច្រើនឆ្នាំរបស់អ្នកស្រី គ្លីនតុន បានបង្ហាញនូវ “បទពិសោធន៍អាក្រក់” ដោយមានលទ្ធផលបន្តិចបន្តួចប៉ុណ្ណោះ ហើយថាអ្នកស្រីពុំសាកសមធ្វើជាអគ្គបញ្ជាការនោះឡើយ។
Reuters បានផ្សាយបន្តថា ចំណែកអ្នកស្រី គ្លីនតុន បានស្ថិតក្រោមសម្ពាធក្នុងការឃោសនាបោះឆ្នោត ក្រោយពីប្រឈមនឹងជំងឺនិងការស្ទង់មតិបានបង្ហាញការធ្លាក់ចុះ ប៉ុន្តែការត្រៀមខ្លួនជាច្រើនថ្ងៃរបស់អ្នកស្រីបានបញ្ចេញនៅក្នុងវេទិការជជែកដេញដោលរយៈពេល៩០នាទីជាមួយលោក ត្រាំ នៅថ្ងៃនេះ។
លោក ត្រាំ ហាក់បង្ហាញភាពខ្លាំងរបស់លោកអំឡុងពេលជជែកដេញដោលដំបូងៗ ប៉ុន្តែបែរជាព្យាយាមការពារខ្លួននិងបង្ហាញឥរិយាបថគ្មានរបៀបរៀបរយកាន់តែខ្លាំងនៅពេលដែលការជជែកដេញដោលកាន់តែយូរនៅចំពោះមុខអ្នកទស្សនាទូរទស្សន៍ដល់ទៅ១០០លាននាក់។
ការស្ទង់មតិមួយដោយទូរទស្សន៍ CNN បានបង្ហាញថា អ្នកឆ្លើយតប៦២ភាគរយយល់ថា អ្នកស្រី គ្លីនតុន ឈ្នះការជជែកដេញដោលនោះ ខណៈអ្នកឆ្លើយតប២៧ភាគរយប៉ុណ្ណោះជឿថា លោក ត្រាំ ឈ្នះ៕