សាលារៀននិងជើងហោះហើរជាច្រើនត្រូវបានបិទទ្វារនិងលុបជើងហោះហើររបស់ពួកគេ ខណៈដែលព្យុះទីហ្វុង Megi បានបោកបក់ទៅដល់ភាគខាងត្បូងខេត្តហ៊្វូជាននៅថ្ងៃនេះ ជាមួយល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរ។
ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ព័ត៌មានពីស៊ីនហួរបានផ្សាយថា ព្យុះទីហ្វុង Megi បានសម្លាប់មនុស្ស៤នាក់និងបណ្ដាលឲ្យមនុស្សជាង៥២៣នាក់រងរបួសនៅលើកោះតៃវ៉ាន់ ចាប់តាំងពីព្យុះនេះបក់បោកទៅលើកោះនេះកាលពីថ្ងៃម្សិលមិញ។ ក្រុមអាជ្ញាធរចិនបានប្រកាសអាសន្នចំពោះមហន្តរាយនៃព្យុះទីហ្វុងនេះ។
បើតាមស៊ិនហួរ ប្រជាជនជាង១២ម៉ឺននាក់ដែលធ្វើការនៅជិតឆ្នេរសមុទ្រឬនៅលើសមុទ្រក្នុងខេត្តហ៊្វូជាន ត្រូវបានអាជ្ញាធរចិនប្រាប់ឲ្យជម្លៀសចេញ។ ចំណែកជើងហោះហើរចំនួន២៤របស់ក្រុមហ៊ុន China Southern Airlines ត្រូវបានលុបចោល៕