បុរសជនជាតិហូឡង់ម្នាក់ ត្រូវតុលាការមីយ៉ាន់ម៉ា សម្រេចឃុំខ្លួនក្នុងពន្ធនាគារ៣ខែ និង ធ្វើការងារជាទម្ងន់ បន្ទាប់ពីបិទសំឡេងធម៌ទេសនា ដែលគេផ្សព្វផ្សាយ។
បុរសនោះឈ្មោះ Klaas Haytema អាយុ៣០ឆ្នាំបានបិទសំឡេងធម៌ទេសនាតាមបែបព្រះពុទ្ធសាសនា ដែលគេផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេង ដោយសារការផ្សព្វផ្សាយនោះ នៅជិតកន្លែងដែលលោកស្នាក់នៅហើយរំខានដល់ដំណេក។ នេះបើតាមសារព័ត៌មាន BBC ។
បុរសរូបនោះថ្លែងប្រាប់តុលាការថា លោកមិនបានដឹងថា នោះជាការផ្សព្វផ្សាយសាសនានៅជិតសណ្ឋាគារ ដែលលោកស្នាក់នៅក្នុងតំបន់ Mandalay នោះទេ។
ជនប្រទេសជាច្រើនជាភ្ញៀវទេសចរបានធ្លាក់ខ្លួនជាអ្នកមានទោសពីបទបំពានដល់ការគោរពសាសនា ដោយសារការរឹតត្បិតនៃការគោរពពុទ្ធសាសនារបស់មីយ៉ាន់ម៉ា។
ទោះយ៉ាងណាចៅក្រមកាត់សេចក្តីថ្លែងថា បុរសជនជាតិហូឡង់រូបនោះ ពិតជាបានបំពានយ៉ាងពិតប្រាកដ លើសាសនា ដែលចាំបាច់ត្រូវតម្រូវឲ្យជាប់ពន្ធនាគារ៣ខែ និងឲ្យធ្វើការងារជាទម្ងន់។ ទោះយ៉ាងបុរសរូបនោះត្រូវបានសម្រេចឲ្យរួចផុតពីការឃុំខ្លួនដោយផ្តល់ជម្រើសបង់ប្រាក់ ១០០ ០០០ kyat ដែលស្មើនឹង៨០ដុល្លារអាមេរិកហើយតម្រូវឲ្យសុំទោសតាមប្រពៃណី។
បុរសរូបនោះត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា រិះគន់មួយវគ្គទៀត ដោយសារពេលសុំខមាល ចំពោះមុខរូបព្រះពុទ្ធមិនបានដោះទ្រនាប់ជើង។
កាលពីខែកក្កដា ជនជាតិអេស្ប៉ាញម្នាក់ជាភ្ញៀវទេសចរ ត្រូវបណ្តេញចេញពីមីយ៉ាន់ម៉ា ដោយសារបុរសនោះ ចាក់សាក់រូបព្រះពុទ្ធនៅជើង។ កាលពីឆ្នាំមុនអ្នកគ្រប់គ្រងនៅបាណូវែលសេឡង់ម្នាក់ត្រូវជាប់ពន្ធនាគារ១០ខែពីបទបំពានសាសនាដោយសារប្រើរូបភាពព្រះពុទ្ធ ក្នុងការផ្សព្វផ្សាយពីការលក់ស្រាបៀរក្នុងតម្លៃថោក។
មីយ៉ាន់ជាប្រទេសដែលបង្កើតច្បាប់ការពារខ្លាំង ដល់សាសនាព្រះពុទ្ធ ខណៈពលរដ្ឋនៃប្រទេសនេះ ជិត៩០ភាគរយ គោរពប្រតិបត្តិតាមសាសនាព្រះពុទ្ធ៕