របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ បានរិះគន់ទៅលើរដ្ឋាភិបាលដែនកោះណារុ ចំពោះបរាជ័យរបស់ខ្លួនក្នុងការការពារកុមារៗស្វែងរកសិទ្ធិជ្រកកោន ឲ្យគេចផុតពីការរំលោភបំពានផ្លូវភេទ នៅក្នុងមណ្ឌលឃុំខ្លួនមួយដែលគ្រប់គ្រងដោយអូស្ត្រាលី នៅលើដែនកោះនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាម Reuters ស្ថិតនៅក្រោមគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹងរបស់អូស្ត្រាលី ក្រុមជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោនដែលបានធ្វើដំណើរទៅអូស្ត្រាលីតាមទូកនោះ ត្រូវបានគេបញ្ជូនទៅជំរុំមួយ ស្ថិតនៅលើកោះណារុ ឬកោះម៉ាណុស របស់ប្រទេសប៉ាពួញូវហ្គីណេ ហើយមិនទទួលបានសិទ្ធិតាំងទីនៅអូស្ត្រាលីនោះឡើយ។
Reuters បានដកស្រង់របាយការណ៍ពីគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ដែលបានរៀបរាប់ថា គណៈកម្មាធិការនេះ ព្រួយបារម្ភចំពោះការប្រព្រឹត្តដូចសត្វធាតុ ដូចជា ការរំលោភបំពានលើរាងកាយ ផ្លូវចិត្ត និងផ្លូវភេទ ទៅលើកុមារៗជាជនភៀសខ្លួន ដែលកំពុងរស់នៅមណ្ឌលនោះ។
របាយការណ៍នេះ ក៏បានបង្ហាញពីកង្វះខាតសេវាមូលដ្ឋាន ដូចជាទឹកស្អាតសម្រាប់បរិភោគ និងការគាំទ្រសុខភាពផ្លូវចិត្តសម្រាប់កុមារ ៧០នាក់ ដែលស្ថិតក្នុងចំណោមជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោនជាង ៥០០នាក់ កំពុងជាប់ឃុំនៅលើកោះណារុ៕