ទូរទស្សន៍អាមេរិក បានចុះផ្សាយថា មនុស្ស ២០នាក់ បានរងរបួស និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន American Airlines ត្រូវភ្លើងឆេះ នៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងឈីកាហ្កូ នៅរសៀលម្សិលមិញ ម៉ោងនៅអាមេរិក។
មន្ត្រីពន្លត់អគ្គិភ័យនៅទីក្រុងឈីកាហ្កូ លោក Timothy Sampey បានទូរទស្សន៍ ABC News ថា អ្នករងរបួស បណ្ដាលមកពីការរអិលដួលនៅលើផ្លូវអំឡុងពេលជម្លៀសបន្ទាន់។ លោកចាត់ទុកថា ជារបួសរលាត់ស្បែកតិចតួចប៉ុណ្ណោះ។
ABC News ដែលបានដកស្រង់សម្ដីប៉ូលិសសហព័ន្ធ បានចុះផ្សាយបន្តថា អណ្ដាតភ្លើងបានឆាបឆេះចេញពីម៉ាស៊ីនយន្តហោះ។ បំណែកម៉ាស៊ីនយន្តហោះ ត្រូវបានគេរកឃើញនៅលើដីនៅឯព្រលានយន្តហោះនោះ។
ក្រុមហ៊ុន American Airlines បាននិយាយថា អ្នកដំណើរចំនួន ១៦១នាក់ និងបុគ្គលិកចំនួន ៩នាក់ ស្ថិតនៅលើយន្តហោះដែលត្រៀមខ្លួនចេញដំណើរទៅកាន់ទីក្រុងម៉ៃអាមី៕