បាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាដុតទៀននៅទីក្រុងសេអ៊ូលកាលពីល្ងាចថ្ងៃម្សិលមិញ ដោយបានអំពាវនាវទៅប្រធានាធិបតីអ្នកស្រី Park Geu-hye ឲ្យចុះចេញពីតំណែង ជុំវិញការចោទប្រកាន់ថា អ្នកស្រីបានអនុញ្ញាតិឲ្យមិត្តភក្តិស្និទ្ធម្នាក់ លូកលាន់ក្នុងកិច្ចការរដ្ឋ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ពលរដ្ឋកូរ៉េខាងត្បូង បានចុះផ្លូវតវ៉ា បើទោះបីជាអ្នកស្រី Park បានថ្លែងសុំទោសជាសាធារណៈកាលពីល្ងាចថ្ងៃសុក្រកន្លងមកក៏ដោយ។ ក្រុមយុវជនស្ថិតក្នុងឯកសណ្ឋានសិស្សនិស្សិត សកម្មជនការងារ និងមនុស្សវ័យកណ្ដាល បានចូលរួមបាតុកម្មនេះ ដោយកាន់ផ្ទាំងបដាដែលសរសេរថា “ចុះចេញទៅអ្នកស្រី Park Geun-Hye”។
ប៉ូលិសបានប៉ាន់ប្រមានថាមានបាតុករប្រហែល ៨ពាន់នាក់ ខណៈដែលក្រុមអ្នករៀបចំនិយាយថា មានអ្នកចូលរួមខ្ទង់ ២ម៉ឺននាក់។ បាតុកម្មដូចគ្នានេះ ក៏បានកើតឡើងនៅតាមបណ្ដាខេត្តនានាផងដែរ ដូចជាទីក្រុងប៊ូសានជាដើម។
រឿងអាស្រូវបានផ្ទុះឡើង បន្ទាប់ពីអ្នកស្រី Choi Soon-Sil មិត្តភក្តិជិតស្និទ្ធនឹងអ្នកស្រី Park ត្រូវបានគេចោទថា បានប្រើប្រាស់ទំនាក់ទំនងជាមួយប្រធានាធិបតី ដើម្បីកំហែងយកលុយពីក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន Samsung ជាដើម ដើម្បីផ្ដល់មូលនិធិទៅអង្គការចំនួន ២ ដែលអ្នកស្រី Choi បានបង្កើតឡើង៕