ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយថា រដ្ឋអាជ្ញាបានចោទប្រកាន់អតីតជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតី និងអតីតអនុរដ្ឋមន្ត្រីវប្បធម៌ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើរឿងអាស្រូវពុករលួយ ដែលនាំទៅរកការចោទប្រកាន់អ្នកស្រី ផាក ហ្គឹនហេ នៅក្នុងសភាកាលពីថ្ងៃសុក្រកន្លងមកនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ជំនួយការជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់អ្នកស្រី ផាក គឺលោក ចូ វ៉ុនដុង ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តខុសឆ្គងជាមួយប្រធានាធិបតី ជុំវិញការប៉ុនប៉ងដាក់សម្ពាធលើក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ឲ្យបណ្ដេញចោលអនុប្រធានក្រុមហ៊ុននោះ។
ចំណែកអតីតអនុរដ្ឋមន្ត្រីវប្បធម៌ លោក គីម ជុង ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងបង្ខិតបង្ខំ និងបទល្មើសដទៃទៀត៕