ប្រទេសថៃកំពុងតែប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងដោយសារតែទឹកជំនន់ខុសរដូវ ដែលបានសម្លាប់មនុស្សដល់ទៅ ៤០នាក់ហើយ នៅភាគខាងត្បូងប្រទេសនេះ ខណៈដែលទឹកភ្លៀងត្រូវបានគេព្យាករថា នឹងបន្តធ្លាក់ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ នៅតំបន់ផលិតកៅស៊ូ និងទេសចរណ៍របស់ប្រទេសថៃ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីមន្ត្រីគ្រោះមហន្តរាយថៃ នៅថ្ងៃនេះ។
ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ លោក ឆាតឆៃ ព្រហ្មឡឺត បានប្រាប់ Reuters ថា ភ្លៀងធ្លាក់ជោគជាំនៅដើមរដូវប្រាំងនេះ បានបង្កជាទឹកជំនន់នៅទូទាំងភាគខាងត្បូងប្រទេសថៃ ដោយបានកាត់ផ្ដាច់ផ្លូវថ្នល់ និងខ្សែរថភ្លើង គំរាមកំហែងដល់ផលដំណាំ និងប៉ះពាល់ដល់មនុស្សប្រហែល ១.៦លាននាក់។
លោកបន្តថា ស្ថានភាពអាក្រក់មិនទាន់ចប់នៅឡើយទេ ហើយគេដឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅសប្ដាហ៍នេះ ខណៈដែលកិច្ចការបោសសម្អាតកំពុងដំណើរការនៅតាមកន្លែងខ្លះ ដែលទឹកបានថមថយទៅវិញ។
នាយកដ្ឋានឧតុនិយមថៃ បានប្រកាសនៅលើវេបសាយរបស់ខ្លួនថា នៅថ្ងៃចន្ទស្អែកនេះ នឹងមានភ្លៀងធ្លាក់បន្ថែមទៀត។
ជាទូទៅ រដូវវស្សានៅថៃ ចាប់ផ្ដើមពីខែមិថុនា ដល់ខែវិច្ឆិកា។ ប៉ុន្តែ ទឹកជំនន់ចាប់ពីថ្ងៃទី១ ខែមករានេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខុសរដូវ៕