តួលេខរបស់នគរបាលជាតិកម្ពុជា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១នាក់ បានស្លាប់ ហើយមនុស្ស ២២នាក់ទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃម្សិលមិញនេះ ចំពេលដែលមានការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅប្រទេសកម្ពុជា។
តួលេខដែលចេញដោយនាយកដ្ឋានសណ្ដាប់ធ្នាប់ចរាចរណ៍ ដែលត្រូវបានផ្សព្វផ្សាយនៅលើវេបសាយរបស់អគ្គស្នងការនគរបាលជាតិកម្ពុជា បានបង្ហាញថា ត្រឹមតែមួយថ្ងៃម្សិលមិញនេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងសរុប ១៦ករណីនៅទូទាំងប្រទេស ដោយបណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ ខណៈមនុស្ស ១៥នាក់ទៀតរងរបួសធ្ងន់ ហើយ ៧នាក់ទៀតរងរបួសស្រាល។
ក្នុងចំណោមអ្នករងគ្រោះទាំងនោះ នគរបាលចរាចរណ៍បញ្ជាក់ថា អ្នកដំណើរ ១៦នាក់ ពុំបានពាក់មួកសុវត្ថិភាពនោះឡើយអំឡុងពេលធ្វើដំណើរ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំពេលដែលពិធីបុណ្យចូលឆ្នាំចិន ត្រូវបានគេប្រារព្ធយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា៕