អ្នកជំនាញផ្នែកមីក្រូហិរញ្ញវត្ថុ និងអ្នកស្រាវជ្រាវក្នុងវិស័យនេះ បានទទូចទៅរដ្ឋាភិបាលកម្ពុជាឲ្យពិចារណា និងឆ្លើយតបជាវិជ្ជមានចំពោះសំណើររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មុននឹងអនុវត្តពិដានការប្រាក់ ១៨ភាគរយ។
ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានកំណត់អត្រាការប្រាក់ខ្ពស់បំផុតថ្មី១៨ភាគរយក្នុងមួយឆ្នាំសម្រាប់ស្ថាប័នផ្ដល់កម្ចីទាំងអស់អនុវត្តន៍។ ធនាគារជាតិបញ្ជាក់តាមរយៈសេចក្តីថ្លែងការថា ការសម្រេចថ្មីនេះ គឺដើម្បីរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ទប់ស្កាត់បំណុលវ័ណ្ឌក កាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់ខ្ពស់ និងជម្រុញឲ្យមានការប្រើប្រាស់ឥណទានឲ្យកាន់តែមានប្រសិទ្ធិភាព។
អ្នកស្រាវជ្រាវពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក យ៉ង់ ប៉ាក់ ថ្លែងក្នុងកម្មវិធីតុមូល VOD នៅរសៀលថ្ងៃទី១៦ ខែមីនា ថា រដ្ឋាភិបាលគួរផ្តោតការពិចារណា និងឆ្លើយតបជាវិជ្ជមានចំពោះសំណើររបស់ CMA។ លោកទទូចថា៖ «ខ្ញុំជឿថា រដ្ឋាភិបាលមានដំណោះស្រាយល្អសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ជារួមខ្ញុំគិតថា វាគឺជាជំហានដែលយើងឆ្លងទៅមួយកម្រិតទៀតដើម្បីធ្វើឲ្យវិស័យ MFI កាន់តែរឹងមាំ។ រដ្ឋាភិបាលបានទទួលជោគជ័យនៅក្នុងការយកចិត្តរាស្ត្រ ហើយខ្ញុំគិតថា រដ្ឋាភិបាលនឹងដាក់ចេញជំហានមួយទៀតដើម្បីយកចិត្តផ្នែកឯកជន»។
អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក យឹម សុវណ្ណា ថ្លែងក្នុងកម្មវិធីពិភាក្សាវិទ្យុអាស៊ីសេរីល្ងាចថ្ងៃសុក្រថាសមាគមមីក្រូហិរញ្ញវត្ថុកំពុងរង់ចាំសហការជាមួយនឹងរដ្ឋាភិបាលដើម្បីពិនិត្យមើល និងដោះស្រាយនូវផលប៉ះពាល់ជាអវិជ្ជមាន។ លោកបញ្ជាក់៖ «ខ្ញុំមានជំនឿថា រដ្ឋាភិបាលមានដំណោះស្រាយសមស្រប រួមទាំងការឧបត្ថម្ភធន ការធានានូវឥណទាន យន្តការពន្ធដារ និងការលើកទឹកចិត្តផ្សេងៗ»។
នៅក្នុងឆ្នាំ២០១៦ មានស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ៦០បានចុះបញ្ជី ដើម្បីធ្វើប្រត្តិបត្តិការផ្តល់កម្ចីដល់ពលរដ្ឋខ្មែរប្រមាណជាជិត២លានគ្រួសារ។
របាយការណ៍សិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៣ ដែលមានចំណងជើងថា បំណុលវ័ណ្ឌក បានបង្ហាញថា នៅក្នុងឆ្នាំ១៩៩៥ MFI បានផ្តល់កម្ចីជាង ៣លានដុល្លារទៅអតិថិជនចំនួន ៥ម៉ឺននាក់។ ចំនួននេះបានកើនឡើងដល់ ៧៣២លានដុល្លារ និងមានអតិថិជនជាង ១.១៩លាននាក់ នៅក្នុងឆ្នាំ២០១២។ របាយការណ៍នេះកត់សំគាល់ថា MFI មានចំនួន ៣២ នៅក្នុងឆ្នាំ២០១២។
បើតាមអ្នកជំនាញបច្ចុប្បន្ននេះ MFI បានផ្តល់កម្ចីដែលមានជាសាច់ប្រាក់ជាង ៣ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលកម្ពុជាបានកំណត់ពិដានអត្រាការប្រាក់ខ្ពស់បំផុត ១៨ភាគរយក្នុងមួយឆ្នាំសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ។ អ្នកជំនាញបារម្ភថា ការកំណត់ពិដានអត្រាការប្រាក់១៨ភាគរយនេះ ធ្វើឲ្យ MFI ជួបឧបសគ្គនៅក្នុងការរកប្រាក់ចំណេញ។
ក្នុងសំណើរមួយចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ គណបក្សប្រជាធិបតេយ្យមូលដាន (GDP) បានលើកឡើងថា MFI បានចំណាយថ្លៃដើមប្រតិបត្តិការចន្លោះពី ២៣ភាគរយ ទៅ ២៥ភាគរយ ហើយថា ការកំណត់ពិដាន ១៨ភាគរយនេះ នឹងធ្វើឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនប្រឈមមុខនឹងក្ស័យធន។
ដោយបន្ទរចំពោះសំណើរឲ្យមានការពិចារណា អ្នកប្រឹក្សាយោបល់ផ្នែកមីក្រូហិរញ្ញវត្ថុ លោក ជូ ង៉ែត ទទូចឲ្យគ្រប់ភាគីជាពិសេសរដ្ឋាភិបាលទទូលខុសត្រូវ ឆ្លើយតបទៅនឹងសំណើររបស់សមាគមមីក្រូហិរញ្ញវត្ថុ ដើម្បីបន្តប្រតិបត្តិការវិស័យនេះ។
លោកប្រាប់ថា៖ «ដើម្បីឲ្យទទួលបានជោគជ័យទាំងអស់គ្នា រដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវ គឺត្រូវតែជួយ។ ១៨ភាគរយបានផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ប៉ុន្តែ បើអ្នកផ្តល់សេវាមិនអាចទៅរួច។ អីចឹងយើងត្រូវបន្តដំណើរទាំងអស់គ្នាដោយគួរស្តាប់ការស្នើសុំរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ»។
យោងតាមការសម្រេចរបស់រដ្ឋាភិបាល MFI ត្រូវចាប់ផ្តើមអនុវត្តពិដានអត្រាការប្រាក់ ១៨ភាគរយនេះ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។
បើតាមអ្នកជំនាញឲ្យដឹងថា អត្រាការប្រាក់កម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជា អាចនឹងចុះទាបជាង ១៨ភាគរយ ក៏ប៉ុន្តែ យន្តការមួយចំនួន គួរតែត្រូវបានធ្វើឡើង ដូចជាការធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់តាមរយៈប្រព័ន្ធធនាគារ ការលើកទឹកចិត្តដល់ពលរដ្ឋប្រើប្រាស់គណនីធនាគារ និងការបង្កើតវប្បធម៌រក្សាប្រាក់ទុកនៅក្នុងធនាគារជាដើម៕