មេដឹកនាំ​អាមេរិក​ផ្ញើ​លិខិត​ទៅ​មេដឹកនាំ​វៀតណាម​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី

ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយហ្គ័ង (រូបភាពពីទីភ្នាក់ងារ​ Reuters)

រដ្ឋាភិបាល​វៀតណាម បាន​អះ​អាង​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ញើ​លិខិត​ទៅ​ប្រធានាធិបតី​វៀតណាម លោក ត្រាន់ ដាយហ្គ័ង ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

វៀតណាម និង​សហរដ្ឋ​អាមេរិក បាន​កែ​លម្អ​ទំនាក់​ទំនង​របស់​ពួកគេ​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ទៀត នៅ​ក្រោម​រដ្ឋបាល​លោក អូបាម៉ា ចំ​ពេល​ដែល​ក្រុង​ហាណូយ​មាន​ជម្លោះ​ជាមួយ​ចិន ជុំ​វិញ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ចំណែក​ឯ​លោក ត្រាំ ក៏​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ចង់​បាន​ទំនាក់​ទំនង​កាន់​តែ​រឹង​មាំ​ថែម​ទៀត​ផង​ដែរ។

វេបសាយ​រដ្ឋាភិបាល​វៀតណាម បាន​និយាយ​ថា លោក ត្រាំ បាន​ផ្ញើ​​លិខិត​មួយ​ច្បាប់​ទៅ​លោក ត្រាំ ដាយហ្គ័ង ដោយ​បាន​បញ្ជាក់​ពី​បំណង​របស់​លោក ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បញ្ហា​តំបន់ និង​អន្តរជាតិ។

មេដឹកនាំ​វៀតណាម បាន​លើក​ឡើង​ដូច្នេះ អំឡុង​ពេល​ជួប​ពិភាក្សា​ជាមួយ​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​វៀតណាម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក ហ្គ័ង បាន​សង្កត់​ធ្ងន់​ថា វៀតណាម​ស្វាគមន៍​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាមេរិក ក្នុង​ការ​ស្ដារ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ដើម្បី​រក្សា​សេរីភាព​ខាង​នាវាចរណ៍ និង​អាកាសចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ