ស្លាប់​ម្នាក់ បាត់​ខ្លួន​២៨​នាក់​ក្នុង​គ្រោះ​ថ្នាក់​រអិល​បាក់​ដី​នៅ​ឥណ្ឌូនេស៊ី

គ្រោះថ្នាក់រអិលបាក់ដី​វាយ​ប្រ​ហារ​ទៅ​លើផ្ទះ​អ្នក​ភូមិ (រូបភាពពីទីភ្នាក់ងារ​ Channel News Asia)

យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់ បាន​ស្លាប់ និង ២៨​នាក់​ទៀត​ ត្រូវ​បាន​គេ​ជឿ​ថា កប់​នៅ​ក្រោម​ដី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​គ្រោះ​ថ្នាក់​រអិល​បាក់​ដី​មួយ បាន​វាយ​ប្រហារ​ទៅ​លើ​ភូមិ​មួយ ស្ថិត​នៅ​កោះ​ជ្វា​ខាង​កើត ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia ដែល​បាន​ដក​ស្រង់​​សម្ដី​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​ឥណ្ឌូនេស៊ី។

ផ្ទាំង​ដី​ភក់​ដ៏​ធំ​មួយ បាន​រអិល​ធ្លាក់​ទៅ​លើ​ផ្ទះ​របស់​ប្រជាជន ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា ដោយ​បណ្ដាល​ឲ្យ​ខូច​ខាត​ផ្ទះ​សម្បែង​ជាច្រើន នៅ​ក្នុង​ស្រុក​ប៉ូណូរ៉ូហ្កូ។

អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូនេស៊ី លោក ស៊ូតូផូ ព័រវ៉ូ បាន​ឲ្យដឹង​ថា មនុស្ស ១៧​នាក់ បាន​រង​របួស និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​តំបន់ ខណៈ​ដែល​ទាហាន ប៉ូលិស និង​កម្លាំង​ស្ម័គ្រ​ចិត្ត កំពុង​ស្វែង​រក​មនុស្ស​កំពុង​បាត់​ខ្លួន។

លោក ស៊ូតូផូ បាន​បន្ថែម​ថា អាជ្ញាធរ​កំពុង​ស្វែង​រក​មនុស្ស ២៨​នាក់​ទៀត​ដែល​កំពុង​បាត់​ខ្លួន ប៉ុន្តែ ប្រតិបត្តិការ​ស្វែង​រក​នោះ បាន​ផ្អាក​ទៅ​វិញ ដោយសារ​អាកាស​ធាតុ​មិន​ល្អ។

ប្រជាជន​ជាច្រើន បាន​ភៀស​ខ្លួន​ចេញ​ពី​ភូមិ​នោះ ក្រោយ​ពី​ទទួល​បាន​សារ​ព្រមាន​អំពី​គ្រោះ​ថ្នាក់​រអិល​បាក់​ដី​ពី​អាជ្ញាធរ ប៉ុន្តែ ប្រជាជន​ជាច្រើន បាន​វិល​ត្រឡប់​ទៅ​ភូមិ​នោះ​វិញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

គ្រោះ​ថ្នាក់​រអិល​បាក់​ដី បាន​កើត​ឡើង​ជា​ញឹក​ញាប់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ មនុស្ស ១២​នាក់ រួម​ទាំង​កូន​ក្មេង ៣​នាក់​ផង បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​រអិល​បាក់ដី នៅ​លើ​កោះ​បាលី។ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន មនុស្ស​ជិត ៣០​នាក់ បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ទឹក​ជំនន់ និង​ការ​រអិល​បាក់​ដី នៅ​ភាគ​ខាង​លិច​កោះ​ជ្វា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ