រដ្ឋាភិបាល​ស្នើ​វិស័យ​ឯកជន​និង​សង្គម​ស៊ីវិល​សហការ​ជួយ​ជន​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​សួរសុខទុក្ខនិង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ប្រមុខរដ្ឋាភិបាល​បានអំពាវនាវដល់​វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ចូលរួមសហ​ការ​ជាមួយរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះដោយមហន្តរាយធម្មជាតិ ខណៈមន្ត្រីសង្គមស៊ីវិលបង្ហាញការ​ស្វាគមន៍។

ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ធ្វើឡើង​តាមរយៈសារ​អបអរសាទរ​នៅ​ក្នុង​ «ទិវាជាតិគ្រប់​គ្រង​​គ្រោះ​មហន្តរាយ» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១​នេះ ក្រោម​ប្រធាន​បទ «បង្កើនការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដើម្បីភូមិ-ឃុំមានសុវត្ថិភាព និងភាពធន់»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដើម្បីធានានូវភាពជោគជ័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺត្រូវប្រកាន់ខ្ជាប់ជារៀងរហូតនូវវប្បធម៌ចែករំលែក ដោយឈរលើស្មារតីជួយគ្នាទៅវិញទៅមក សហការឱ្យកាន់តែរឹងមាំថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយរំលែកទុក្ខលំបាកប្រជាជន​ដែលងាយរងគ្រោះនៅទូទាំងប្រទេស។

សាររបស់លោកបន្ត​​ថា៖​ «ខ្ញុំសូមយកឱកាសនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២១ នេះ ធ្វើការអំពាវនាវវិស័យឯកជន ដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិល បន្តចូលរួមសហប្រតិបត្តិការ កៀរគរធនធានដែលចាំបាច់ ដើម្បីធានាអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព សម្រាប់ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»។

តាមរយៈ​សារលិខិត​​​ដដែលនោះ​ លោកនាយករដ្ឋមន្ត្រីក៏​បាន​អំពាវនាវ​ឱ្យក្រសួងស្ថាប័នថ្នាក់ជាតិនិង​ថ្នាក់ក្រោមជាតិ ត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្ដោតសំខាន់លើការត្រៀមបង្ការហានិភ័យដើម្បីកាត់បន្ថយគ្រោះមហន្តរាយ ដោយត្រៀមរៀបចំសម្រាប់ការឆ្លើយតបទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស​ជួយដល់ប្រជាជនក្រីក្រ ជន​ងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និងជនមានពិការភាព ជាដើម។

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក សន ជ័យ លើកឡើងថា ការ​អំពាវនាវ​​​របស់​ប្រមុខរដ្ឋាភិបាលជារឿងវិជ្ជមាន ហើយ​​រូបភាពនេះបង្កើតនូវបរិយាកាសគណនេយ្យភាពទៅវិញ​ទៅមក​ ដើម្បីរួមគ្នាបង្ការ​នូវផលប៉ះពាល់ដែលកើតឡើងដោយគ្រោះធម្មជាតិ។

លោកថា គ្រោះមហន្តរាយជាផ្នែកមួយនៃវិបត្តិពិភពលោកទាក់ទងនឹងបម្រែបម្រួល​អាកាស​ធាតុ ដូច្នេះការដោះស្រាយបញ្ហានេះចាំបាច់ត្រូវមានការសហការមិនថាកម្រិតពិភពលោកនិងកម្រិត​ប្រទេស​​នោះទេ។

បើតាមលោក សន ជ័យ ការចាត់វិធានការបង្ការធ្វើឱ្យមានភាពរឹងមាំដល់ប្រជាពលរដ្ឋ ត្រូវមើលលើ៣ចំណុច​​សំខាន់ៗដូចជា ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ (ការអភិរក្ស​នូវជីវចម្រុះ ហើយធាតុ​ផ្សំ​ផ្សេងៗ) ការសហការរវាងរដ្ឋ-ឯកជន-សង្គមស៊ីវិល និង​លំហនៃកិច្ចការសហការរួមគ្នា រវាងអាជ្ញាធរជាមួយ​ប្រជាពលរដ្ឋ​ ពិសេសផ្ដល់ឱកាសឱ្យក្រុម​យុវជន​ចូលរួមសកម្មភាពការពារធនធានធម្មជាតិ។

លោក សន ជ័យ មានប្រសាសន៍បន្តថា៖ «ក្រៅតែពីការដែល [សហការដើម្បី] កៀរគរធនធាន ហើយនិងការស្វែងរក​ការគាំទ្រ គឺ [ត្រូវមាន] ការសហការគ្នារវាងរដ្ឋាភិបាល វិស័យឯកជន ហើយនិងសង្គមស៊ីវិល នៅក្នុងការទប់ស្កាត់ឬក៏​ជំរុញឱ្យមានការអនុវត្តច្បាប់ចំពោះបទល្មើសព្រៃឈើ បទល្មើសបំផ្លាញ​ជីវ​ចម្រុះ​ផ្សេងៗហ្នឹង ដើម្បីធានាថា អនុសាសន៍របស់ពិភពលោកមក​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយនឹងការកាប់បំផ្លាញព្រៃឈើជាដើមហ្នឹង នឹងត្រូវបានយក​មក​អនុវត្តឱ្យបានគ្រប់​ជ្រុងជ្រោយ»​។

ចំណែកប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លោក យង់ គិមអេង ក៏បាន​ថ្លែង​គាំទ្រ​ចំពោះ​ការអំពាវនាវរបស់រដ្ឋាភិបាលនេះដែរ។ តែយ៉ាងណា លោកថា រដ្ឋាភិបាល​​នៅតែ​ជា​ផ្នែកមួយសំខាន់ក្នុងការទទួលខុសត្រូវចំពោះ​បញ្ហាគ្រោះ​មហន្តរាយ ព្រោះវិស័យ​ឯក​ជននិងសង្គមស៊ីវិលជួយកៀរគរធនធានដើម្បីជួយកម្ពុជា​បាន​ត្រឹមកម្រិតមួយតែប៉ុណ្ណោះ។

លោកបន្ត​ថា៖ «ការចូលរួមរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន នឹងមានភាពសស្រាក់​សស្រាំ​ដោយ​ស្មោះស្ម័គ្រអស់ពីចិត្ត លុះត្រាណាតែស្ថាប័នរដ្ឋ​កែ​លម្អ​ឱ្យ​កាន់តែប្រសើរនូវអភិបាលកិច្ចល្អ ក៏ដូចជា​ការ​ធ្វើ​ឱ្យមានតម្លាភាព ការប្រយុទ្ធប្រឆាំងនឹងអំពើ​ពុករលួយ​ឱ្យបានកាន់តែល្អប្រសើរ នោះវិស័យ​ឯកជន សង្គម​​ស៊ីវិល ពលរដ្ឋ នឹងចូលរួមជួយបំពេញ​ចន្លោះ​ខ្វះ​ខាត»

គ្រោះមហន្តរាយដោយទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០ បានបណ្ដាលឱ្យ​មនុស្ស​២៥​​នាក់​​ស្លាប់​ និង​ប្រជាជន​សរុប​ជាង៣០០ ០០០​នាក់​ ក្នុង​រាជធានី​-ខេត្ត​ចំនួន​១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បានទទួលរងផលប៉ះពាល់។

តាមរយៈសារអបអរសាទរ «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលានេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសំណូមពរឱ្យប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានរបស់រដ្ឋនិងឯកជន ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានព្យាករណ៍អាកាសធាតុ កំណើនទឹកទន្លេ ស្ទឹង ព្រែក មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ និងសារអប់រំការយល់ដឹងជាសាធារណៈពីវិធានការដើម្បីបញ្ចៀសគ្រោះមហន្តរាយ​ជូនសាធារណជនជ្រាបទាន់ពេលវេលានិងឆាប់រហ័សថែមទៀងផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ