នាវា​ដឹក​ជញ្ជូន​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​កំពុង​បាត់​ខ្លួន​នៅ​មហា​សមុទ្រ​អាត្លង់ទិច

នាវា​ដឹក​ជញ្ជូន​របស់​កូរ៉េខាង​ត្បូង​ដែល​បាន​បាត់​(រូបភាពពីទីភ្នាក់ងារ​ Reuters)

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា នាវា​ដឹក​ជញ្ជូន​របស់​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង រួម​ទាំង​សមាជិក​នាវិក ២២​នាក់ កំពុង​បាត់​ខ្លួន ក្រោយ​ពី​វាបាត់​ការ​ទាក់​ទង​គ្នា​នៅ​មហា​សមុទ្រ​អាត្លង់ទិច​ខាង​ត្បូង នៅ​ចម្ងាយ ២៥០០​គីឡូ​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់​របស់​កូរ៉េ​ខាង​ត្បូង បាន​ផ្សាយ​ថា សមាជិក​នាវិក​ជា​ជន​ជាតិ​ហ្វីលីពីន ២​នាក់ ត្រូវ​បាន​គេជួយ​សង្គ្រោះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោយ​ពី​បណ្ដែត​ខ្លួន​លើ​​ពោង​ខ្យល់ ប៉ុន្តែ ពោង​ខ្យល់​ដទៃ​ទៀត ត្រូវ​បាន​គេ​រក​ឃើញ​ដោយ​មិន​មាន​មនុស្ស​នោះ​ឡើយ។

មន្ត្រី​​​ការបរទេស​ម្នាក់ បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ស្វែង​រក​មួយ កំពុង​តែ​ធ្វើ​ឡើង​ដើម្បី​ស្វែងរក​មនុស្ស ២២​នាក់​ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង ៨​នាក់ និង​ជន​ជាតិ​ហ្វីលីពីន ១៤​នាក់។

កូរ៉េ​ខាង​ត្បូង បាន​ស្នើ​ទៅ​ប្រទេស​ប្រេស៊ីល និង​អ៊ុយរូហ្កាយ ឲ្យ​ផ្ដល់​ជំនួយ​ក្នុង​ការ​ស្វែង​រក និង​ជួយ​សង្គ្រោះ​ក្រុម​នាវិក​ទាំង​នោះ។

នាវា Stellar Daisy ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Polaris Shipping របស់​កូរ៉េ​ខាង​ត្បូង​នោះ ស្ថិត​ក្នុង​ដំណើរ​ដឹក​រ៉ែ​ដែក​ពី​ប្រទេស​ប្រេស៊ីល ទៅ​កាន់​ប្រទេស​ចិន នៅ​ពេល​វា​ផ្ដល់​សញ្ញា​ទៅ​ដល់​បញ្ជាការ​នាវា​ដឹក​ជញ្ជូន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ