អាបេ​កោត​សរសើរ​ជំហរ​លោក ត្រាំ ជុំ​វិញ​បញ្ហា​ស៊ីរី និង​កូរ៉េ​ខាង​ជើង

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ​(ស្តាំ)​និង​លោក ត្រាំ​ (រូបភាពពីទីភ្នាក់ងារ​ Reuters)

នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ នៅ​ថ្ងៃ​នេះ បាន​កោត​សរសើរ​ទៅ​ដល់​ “ការ​ប្ដេជ្ញា​ចិត្ត​ដ៏​រឹង​មាំ”​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចំពោះ​បញ្ហា​សន្តិសុខ​ពិភពលោក និង​សន្តិសុខ​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត ក្រោយ​ពី​លោក និង​មេដឹកនាំ​អាមេរិក​បាន​អំពាវ​នាវ​ពីរលើក​រួច​មក​ហើយ​ទៅ​ដល់​កូរ៉េ​ខាង​ជើង នៅ​ក្នុង​រយៈ​ពេល ៤​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក អាបេ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ថា អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង នឹង​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​គ្នា​ជុំ​វិញ​បញ្ហា​កូរ៉េ​ខាង​ជើង ហើយ​ពួកគេ​បាន​ឯកភាព​ថា​នឹង​ឃ្លាំ​មើល​ប្រតិកម្ម​របស់​ចិន ទៅ​នឹង​កម្មវិធី​អភិវឌ្ឍន៍​គ្រាប់​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង។

ក្នុង​សេចក្ដី​អំពាវ​នាវ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក ឬ​មួយ​ថ្ងៃ​ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ថ្មី​មួយ​ទៀត​នោះ លោក អាបេ បាន​និយាយ​ថា រូប​លោក និង​លោក ត្រាំ បាន​ឯកភាព​ថា ការ​បាញ់​គ្រាប់​មីស៊ីល​នោះ គឺ​ជា​សកម្មភាព​បង្ក​ហេតុ​ដ៏​គ្រោះ​ថ្នាក់ និង​ជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ។

លោក អាបេ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក ក៏​បាន​សម្ដែង​ការ​គាំ​ទ្រ​ចំពោះ​លោក ត្រាំ ផង​ដែរ ដែល​បាន​បញ្ជា​ឲ្យ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ស៊ីរី ក្រោយ​ពី​ក្រុង​ដាម៉ាស់​ប្រើ​ប្រាស់​អាវុធ​គីមី​វាយ​ប្រហារ​លើ​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ក្នុង​សប្ដាហ៍​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ