កូរ៉េ​ខាង​ជើង​ចាត់​ទុក​ការ​វាយ​ប្រហារ​របស់​អាមេរិក​លើ​ស៊ីរី​ថា ជា​ទង្វើ​ឈ្លាន​ពាន​មិន​អាច​អត់​ឱន​ឲ្យ​បាន

នាវាចម្បាំង​អាមេរិក​នៅ​សមុទ្រ​មេឌីទែរ៉ាណេ បាញ់​គ្រាប់មីស៊ីល​ទៅលើ​មូល​ដ្ឋាន​​កងទ័ពស៊ីរី (រូបភាពពីទីភ្នាក់ងារ Reuters)

កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ម្សិល​មិញ​ណេះ បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​អាមេរិក​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក គឺ​ជា​ទង្វើ​ឈ្លាន​ពាន​មិន​អាច​លើក​លែង​ឲ្យ​បាន ដែល​បង្ហាញ​បាន​ថា ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ គឺ​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នេះ​គឺ​ជា​ប្រតិកម្ម​ជា​លើក​ដំបូង​របស់​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​នាវា​ចម្បាំង​អាមេរិក​នៅ​សមុទ្រ​មេឌីទែរ៉ាណេ បាន​បាញ់​គ្រាប់​មីស៊ីល​រាប់​សិប​គ្រាប់​ទៅ​លើ​មូលដ្ឋាន​កង​ទ័ព​ស៊ីរី ដែល​មន្ទីរ​បញ្ចកោណ​អាមេរិក​និយាយ​ថា ស៊ីរី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ទៅ​លើ​ជន​ស៊ីវិល​នៅ​ដើម​សប្ដាហ៍​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ម្នាក់​នៅ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង ដែល​បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​អាមេរិក​ទៅ​លើ​ប្រទេស​ស៊ីរី គឺ​ជា​ទង្វើ​ឈ្លានពាន​​យ៉ាង​ច្បាស់ និង​មិន​អាច​អត់​ឱន​ឲ្យ​បាន ប្រឆាំង​នឹង​អធិបតេយ្យភាពរបស់​រដ្ឋ​មួយ ហើយ​ក្រុង​ព្យុងយ៉ាង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​នេះ។

ក្រុង​ព្យុងយ៉ាង​បន្ត​ថា ការ​វាយ​ប្រហារ​របស់​អាមេរិក បង្ហាញ​ថា ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​អំណាច​យោធា​ដើម្បី​ប្រឆាំង​នឹង​កម្លាំង​បរទេស គឺ​ជា​ជម្រើស​ត្រឹម​ត្រូវ។

រដ្ឋ​ឯកោ​កូរ៉េ​ខាង​ជើង បាន​ចាត់​ទុក​ស៊ីរី​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​របស់​ខ្លួន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង បាន​និយាយ​ថា មេដឹកនាំ​ក្រុង​ព្យុងយ៉ាង លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​ស៊ីរី លោក បាសារ អាល់អាសាដ បាន​ផ្ញើ​សារជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​មិត្តភាព និង​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ