ប៉ូលិស​ឥណ្ឌូនេស៊ី​សម្លាប់​ជន​សង្ស័យ​ជា​សមាជិក​ក្រុម​ឧទ្ទាម​៦​នាក់

ក្រុម​ប៉ូលិសឥណ្ឌូនេស៊ី​(រូបភាពពីទីភ្នាក់ងារ​ Reuters)

ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​បាញ់​មនុស្ស ៦​នាក់​ដែល​ជា​ជន​សង្ស័យ​​ជា​សមាជិក​ក្រុម​ឧទ្ទម​​នៅ​ក្នុង​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ម្សិល​មិញ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាំង​នោះ​បាន​បើក​រថយន្ត​បាញ់​ប្រហារ​ទៅ​លើ​មន្ត្រី​ប៉ូលិស​មិន​បាន​សម្រេច​នៅ​ភាគ​ខាង​កើត​កោះ​ជ្វា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ឥណ្ឌូនេស៊ី គឺ​ជា​ប្រទេស​មាន​ពលរដ្ឋ​មូស្លីម​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក ហើយ​តែង​តែ​ទទួល​បាន​សញ្ញា​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បះបោរ​ថ្មីៗ​នេះ​របស់​ក្រុម​ជ្រុល​និយម ដែល​ទទួល​រង​ឥទ្ធិពល​ពី​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម។

អ្នក​នាំ​ពាក្យ​ប៉ូលិស​កោះ​ជ្វា​ខាង​កើត លោក Frans Barung Mangera បាន​និយាយ​ថា ក្រោយ​ពី​ប៉ូលិស​បាន​ប្រដេញ​តាម​​មក ក្រុម​ជន​សង្ស័យ​ទាំង ៦​នាក់​នោះ បាន​បោះ​បង់​រថយន្ត​របស់​ពួកគេ​នៅ​ភូមិ​មួយ ក្នុង​​តំបន់ Tuban ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ឧស្សាហកម្ម Surabaya និង​ព្យាយាម​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ចម្ការ​មួយ ជា​ទី​ដែល​ពួកគេ​ត្រូវ​បាន​គេ​​បាញ់​សម្លាប់​នៅ​ពេល​បាញ់​តដៃ​ជាមួយ​ប៉ូលិស។

អ្នក​នាំ​ពាក្យ​រូប​នេះ បន្ថែម​ថា ប៉ូលិស​បាន​ពិនិត្យ​ទៅ​លើ​រថយន្ត​មួយ​គ្រឿង​នោះ​នៅ​មុន​ការ​វាយ​ប្រហារ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចាប់​ខ្លួន​មនុស្ស ៣​នាក់ កាល​ពី​ថ្ងៃ​សុក្រ ជា​ជន​សង្ស័យ​នៃ​ក្រុម​បោះ​បោរ JAD។ ក្រុម​នេះ ត្រូវ​បាន​គេ​បញ្ជាក់​ថា មាន​ផែនការ​វាយ​ប្រហារ​ទៅ​លើ​ស្ថានីយប៉ូលិស​មួយ​កន្លែង ព្រម​ទាំង​បាន​ទិញ​កាំភ្លើង​យន្ត M16 ពី​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​ទៀត​ផង។

ក្រុម JAD នេះ គឺ​ជា​អង្គការ​មួយ​ដែល​ត្រូវ​បាន​ក្រសួង​ការបរទេស​អាមេរិក​ចាត់​បញ្ចូល​ទៅ​​ក្នុង​បញ្ជី​ក្រុម​ចលនា​ភេរវកម្ម ដែល​បាន​អូស​ទាញ​មនុស្ស​ឲ្យ​មាន​សមាន​ចិត្ត​ទៅ​នឹង​ក្រុម​បះបោរ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ