បុគ្គលិក​ក្រុមហ៊ុន​ American Airlines ត្រូវ​បញ្ឈប់​ពី​ការងារ​ក្រោយ​ឈ្លោះ​ជាមួយ​អ្នក​ដំណើរ​លើ​យន្តហោះ

ស្រ្តី​ជាម្តាយ​នឹង​កូន​ដែល​​មាន​​ជំលោះ​​ជា​មួយ​បុគ្គលិក​ក្រុមហ៊ុន American Airlines​(រូបភាពពីទីភ្នាក់ងារ​ Reuters)

ក្រុមហ៊ុន​អាកាសចរណ៍ American Airlines បាន​បណ្ដេញ​ចោល​បុគ្គលិក​ម្នាក់ ក្រោយ​ពី​វីដេអូ​មួយ​បង្ហាញ​នូវ​​ជម្លោះ​ដ៏​រញ៉េរញ៉ៃ​នៅ​លើ​ជើង​ហោះ​ហើរ​មួយ​គ្រឿង​​ ពាក់​ព័ន្ធ​នឹង​បុគ្គលិក​ អ្នក​ដំណើរ​ច្រើន​នាក់ និង​ស្ត្រី​ម្នាក់​បី​កូន​យំ​សោក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កាល​ពី​ថ្ងៃ​សុក្រ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ហ្វេសប៊ុក​ម្នាក់ បានរៀបរាប់​នៅ​លើ​ហ្វេសប៊ុក​របស់​គេ​អម​ទៅ​ដោយ​វីដេអូ​​ថា បុគ្គលិក​ក្រុមហ៊ុន American Airlines បាន​ទាញ​រទេះ​កូន​ក្មេង​ទាំង​ហិង្សា​ពី​ស្ត្រី​ម្នាក់​នោះ និង​បាន​វាយ​ទៅ​លើ​ស្ត្រី​រូប​នោះ ប៉ុន្តែ មិន​ត្រូវ​ចំ​កូន​ង៉ែត​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​​អាកាសចរណ៍​នេះ បាន​និយាយ​ថា រឿង​ហេតុ​នោះ​បាន​កើត​ឡើង​នៅ​លើ​យន្ត​ហោះ​ជើង​ហោះ​ហើរ ៥៩១ ក្នុង​ដំណើរ​ពី​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ទៅ​ទីក្រុង​​ដាឡាស មុន​យន្តហោះ​នោះ​ចេញ​ដំណើរ។ ភាគី​ខាង​ក្រុមហ៊ុន​បន្ថែម​ថា រឿង​ហេតុ​កើត​ចេញ​ជា​ជម្លោះ​នៅ​ពេល​ស្ត្រី​រូប​នោះ​បាន​សួរ​ថា តើ​នាង​អាច​យក​រទេះ​រុញ​កូន​ក្មេង​នោះ​ឡើង​ទៅ​លើ​យន្ត​ហោះ​បាន​ឬ​ទេ។

រឿង​ហេតុ​នេះ បាន​កើត​ឡើង​មិន​ដល់ ២​សប្ដាហ៍​ផង ក្រោយ​ពី​វេជ្ជ​បណ្ឌិត David Dao ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ក្រោយ​ពី​ត្រូវ​បាន​សន្តិសុខ​​ចាប់​ទាញ​អូស​ចេញ​ពី​យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន United Airlines ដែល​ជំរុញ​ឲ្យ​មាន​កំហឹង​ពី​មហា​ជន​ចំពោះ​ក្រុមហ៊ុន​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ