ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសរបស់បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយនៅថ្ងៃនេះថា សំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឲ្យក្រុងសេអ៊ូលបង់ប្រាក់សម្រាប់ការដំឡើងប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកនោះ នឹងក្លាយទៅជាជម្រើសដែលមិនអាចទៅរួច។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ បានថ្លែងក្នុងកិច្ចសម្ភាសមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងមកថា លោកចង់ឲ្យកូរ៉េខាងត្បូងបង់ប្រាក់ ១ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធការពារមីស៊ីល THAAD។
ប៉ុន្តែ លោក គីម គីជុង ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក មូន បានប្រាប់ថា បើទោះបីជាយើងទិញប្រព័ន្ធការពារមីស៊ីល THAAD ក៏ដោយ ប៉ុន្តែ ប្រតិបត្តិការសំខាន់របស់វា នឹងនៅតែស្ថិតក្នុងកណ្ដាប់ដៃអាមេរិកដដែល។ លោកបន្តថា ដូច្នេះ ការទិញវា នឹងមិនមែនជាជម្រើសល្អនោះឡើយ។
ការស្ទង់មតិនានាបង្ហាញថា លោក មូន កំពុងនាំមុខយ៉ាងធំនៅមុនការបោះឆ្នោតថ្ងៃទី០៩ ខែឧសភាខាងមុខនេះ ដើម្បីឡើងកាន់តំណែងជំនួសអតីតប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ដែលត្រូវបានគេដកហូតអំណាច។
លោក ត្រាំ ក៏បានចោទសម្ព័ន្ធមិត្តមួយទៀតគឺប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា មិនបានបង់ប្រាក់ឲ្យបានគ្រប់ចំនួនសម្រាប់ថ្លៃប្រព័ន្ធការពាររបស់អាមេរិកនោះឡើយ៕