យុទ្ធនាការ​ឃោសនា​តាម​អនឡាញ​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុន ត្រូវគេ​ហ៊ែក

បេក្ខជន​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុន​(រូបភាពពីទីភ្នាក់ងារ​ Reuters)

ក្រុម​ឃោសនា​បោះ​ឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ថា ពួកគេ​បាន​ក្លា​ទៅ​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុម​ហ៊ែកឃ័រ ដែល​ចូល​លុប​ចោល​យុទ្ធនាការ​ឃោសនា​របស់​ពួកគេ​តាម​ប្រព័ន្ធ​អនឡាញ​ជាង ១​ថ្ងៃ​មុន​ប្រជាពលរដ្ឋ​សម្រេច​ជ្រើស​រើស​រវាង​បេក្ខជន​កណ្ដាល​និយម និង​បេក្ខនារី​ស្ដាំ​និយម​ជ្រុល អ្នកស្រី ម៉ារីន ឡឺ ប៉ែន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា ទិន្នន័យ​ទំហំ​ប្រហែល ៩​ជីហ្កាបៃ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​កុំព្យូទ័រ​ម្នាក់​ហៅ​ថា EMLEAKS to Pastebin ជា​លីង​ចែក​រំលែក​ឯកសារ​មួយ ដែល​អនុញ្ញាត​ឲ្យ​ជន​អនាមិក​បង្ហោះ​បាន។ ភ្លាមៗ​នេះ គេ​មិន​ដឹង​ច្បាស់​ទេ​ថា តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ហោះ​ទិន្នន័យ​នោះ ឬ​ក៏​មួយ​ណា​ជា​ឯកសារ​ដើម​នោះ​ឡើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ក្រុម​ឃោសនា​របស់​លោក ម៉ាក្រុន បាន​បញ្ជាក់​ថា ឯកសារ​នោះ​ត្រូវ​បាន​គេ​ហ៊ែក។

មន្ត្រី​ម្នាក់​នៅ​ក្រសួង​មហាផ្ទៃ​បារាំង បាន​បដិសេធ​ផ្ដល់​យោបល់ ដោយ​លើក​ឡើង​ពី​ច្បាប់​បារាំង ដែល​ហាម​ឃាត់​ការបញ្ចេញ​មតិ​ណា​មួយ ដែល​ជះឥទ្ធិពល​ទៅ​ដល់​ការ​បោះ​ឆ្នោត។

មតិ​អំពី​អ៊ីម៉ែល​ដែល​ត្រូវ​បាន​គេ​ហ៊ែក​នោះ បាន​ចាប់​ផ្ដើម​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ តែ​ប៉ុន្មាន​ម៉ោង​មុន​នឹង​ការ​បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ បម្រាម​នេះ នឹង​ស្ថិត​នៅ​ជា​ធរមាន​រហូត​ដល់​ការ​បិទ​បញ្ចប់​ការ​បោះ​ឆ្នោត​ទាំង​ស្រុង​នៅ​ថ្ងៃ​ស្អែក​នេះ។

ការ​ស្ទង់​មតិ​នានា​បង្ហាញ​ថា បេក្ខជន​កណ្ដាល​និយម​មិន​មាន​បក្ស​នយោបាយ លោក ម៉ាក្រុន នាំ​មុខ​លើ​បេក្ខនារី​ចលនា​ជាតិ អ្នកស្រី ឡឺ ប៉ែន នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​ពីរ​នៅ​ថ្ងៃ​ស្អែក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ