ពលរដ្ឋមួយចំនួននៅឃុំក្រយា ខេត្តកំពង់ធំ ស្នើឲ្យរដ្ឋាភិបាលជូយជួសជុលផ្លូវលំមួយខ្សែ ដោយពួកគាត់អះអាងថា ផ្លូវនោះកំពុងរងការខូចខាតស្ទើរទាំងស្រុង ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។
ពលរដ្ឋម្នាក់រស់នៅភូមិបុះធំ ស្រុកប្រាសាទបាល្ល័ង្កលោក ផាត ផល បាននិយាយកាលពីថ្ងៃទី ០៥ខែកញ្ញាថា គាត់មានការព្រួយបារម្ភពីសុវត្ថិភាព នៅពេលធ្វើដំណើរឆ្លងកាត់ម្តងៗ ដោយសារមានទឹកជំនន់ បណ្តាលឲ្យដាច់ទំនប់បង់ហ៊ាទឹកមួយកន្លែងស្ទើរទាំងស្រុង។
លោកបានបញ្ជាក់ថា «សូម្បីតែគោក្របីដែលដេញទៅឃ្វាលក៏លំបាក គោខ្លះមិនចង់ហ៊ានដើរ គោខ្លះធ្លាក់ក្នុងជ្រោះក៏មាន»។ លោក ផាត ផល ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយជួសជុលផ្លូវនេះ ឲ្យបានលឿនបំផុត ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។
ក្រុមប្រឹក្សាឃុំក្រយាលោក គឹម សួរ បានឲ្យដឹងថា ផ្លូវដែលកំពុងខូចខាតនេះ ត្រូវបានក្រុមហ៊ុនដេញថ្លៃដើម្បីជួសជុលរួចហើយ។ ទោះយ៉ាងណា លោកនឹងទំនាក់ទំនងទៅខាងក្រុមហ៊ុន ឲ្យជួយពន្លឿនការជួសជុលឲ្យបានឆាប់បំផុត។
ប្រជាពលរដ្ឋទាំងអស់ស្នើឲ្យរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធទាំងអស់ និងខាងក្រុមហ៊ុនម៉ៅការ ធ្វើយ៉ាងណាជួយជួសជុលផ្លូវនេះ ឲ្យបានលឿនបំផុត ព្រោះផ្លូវនេះគឺជាសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ធ្វើដំណើរ នឹងប្រកបរបរចិញ្ចឹមជីវិត។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោក ទួន ទីម