សមត្ថកិច្ចប៉ុស្តិ៍នគរបាល ប្រចាំឃុំមួយក្នុងខេត្តពោធិ៍សាត់ អំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត ខណៈមានក្មេងស្រីម្នាក់បានស្លាប់ដោយសារលុងទឹកស្រះ ពេលគេមានបំណងចុះទៅងួតទឹកជាមួយក្មេងស្រីម្នាក់ទៀត។
នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអូរតាប៉ោង លោក សាន់ គឹមជា បានឲ្យដឹងនៅថ្ងៃទី ១៥ខែសីហាថា ក្មេងស្រីដែលរងគ្រោះមានឈ្មោះ លី ចាន់រឿន អាយុ ១៤ឆ្នាំ រស់នៅភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ពិតជាស្លាប់ដោយសារលុងទឹកពិតប្រកដមែន មិនពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។ លោកបន្ថែមទៀតថា មុនពេលកើតហេតុក្មេងស្រី លី ចាន់រឿន បានទៅឃ្វាលគោនៅម្តុំបឹងចុកស្នោក្រៅ ដែលមានចម្ងាយប្រហែល ៣គីឡូម៉ែត្រពីផ្ទះ បន្ទាប់មកក៏បានទៅងួតទឹកស្រះជាមួយក្មេងស្រីម្នាក់ទៀតឈ្មោះ សាវ៉ាន់ សុខចាន់ អាយុ ១៧ឆ្នាំ ប៉ុន្តែនៅពេលទៅដល់មាត់ស្រះ ស្រាប់តែក្មេងស្រីរងគ្រោះបានរអឹលជើងធ្លាក់ចូលទៅកន្លែងទឹកជ្រៅ ហើយមិនអាចជួយសង្រ្គោះបានក៏ស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។
នាយប៉ុស្តិ៍នគរបាលឃុំអូរតាប៉ោងលោក សាន់ គឹមជា បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសកុមារតូចៗ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនគួទៅលេងនៅក្បែរមាត់ស្រះនោះទេ ព្រោះអាចបណ្តាលឲ្យមានគ្រោះថ្នាក់។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន ឈឿន