លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរដល់មន្រ្តីនគរបាលជាតិថា បានបង្កើតស្នាដៃយ៉ាងធំធេងក្នុងការបង្រ្កាបទៅលើអ្វីដែលលោកហៅថា ការឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្ដួលរដ្ឋាភិបាលស្របច្បាប់ ដែលទំនងជាសំដៅដល់ការបង្ក្រាបទៅលើអតីតបក្សប្រឆាំង។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋប្រហែល ៣លាននាក់អំឡុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឆ្នាំមុននោះ ត្រូវបានតុលាការកំពូលរំលាយចោលកាលពីពាក់កណ្ដាលវិច្ឆិកាឆ្នាំមុន ទៅតាមបណ្ដឹងរបស់រដ្ឋភិបាល។
ជាងនេះទៅទៀត មេដឹកនាំបក្សប្រឆាំងដ៏ធំមួយនេះ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ដាក់ឃុំអស់រយៈពេលជាង ៨ខែមកហើយចាប់តាំងពីដើមខែកញ្ញាឆ្នាំមុន ក្រោមការចោទពីរដ្ឋាភិបាលថា «ក្បត់ជាតិ» និងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលតាមរយៈការឃុបឃិតជាមួយបរទេស។
ក្នុងសារជូនពរដល់នគរបាលជាតិ ដែលត្រូវបានព្រាងទុកនៅមុនការរំឭកខួបថ្ងៃកំណើតនគរបាលជាតិថ្ងៃ ១៦ ឧសភា នោះ លោក ហ៊ុន សែន បានកោតសរសើរដល់កម្លាំងនគរបាលជាតិថា បានរក្សាស្ថិរភាព និងសន្តិភាពសម្រាប់ប្រទេស បន្ទាប់ពីទប់ស្កាត់ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ ប៉ុន្តែ លោកពុំបានលើកឡើងដោយចំៗចំពោះបក្សប្រឆាំងនោះឡើយ។
លោក ហ៊ុន សែន បានលើកឡើងថា៖ «កងកម្លាំងនគរបាលជាតិបានបង្កើតស្នាដៃយ៉ាងធំធេង ក្នុងការរក្សានូវស្ថិរភាព ជីវភាពសង្គម និងប្រក្រតីភាពស្ថាប័នកំពូលរបស់រដ្ឋតាមរយៈការវាយឲ្យបរាជ័យនូវឧបាយកល ពិលពុលរបស់ពួកអមិត្ត ដែលបានឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ តាមបែបផែនបដិវត្តន៍ពណ៌ ដណ្ដើមយកអំណាច ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ»។
បន្ថែមលើនោះលោក ហ៊ុន សែន ក៏ជំរុញទៅនគរបាលជាតិ ឲ្យធានាឲ្យបាននូវបរិយាកាសល្អសម្រាប់យុទ្ធនាការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ខាងមុខ និងធានាភាពសុខសាន្តជូនប្រជាពលរដ្ឋផងដែរ។
ទោះជាយ៉ាងណា ការបង្ក្រាបទៅលើបក្សប្រឆាំង ក្នុងនោះមានទាំងការហាមឃាត់មេដឹកនាំជាន់ខ្ពស់ ១១៨រូបរបស់បក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំនោះ ត្រូវបានក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិថ្កោលទោស ដោយចាត់ទុកថា កម្ពុជាបានដើរឃ្លាតចាកពីគន្លងលទ្ធិប្រជាធិបតេយ្យ៕