កម្ពុជា-វៀតណាមប្ដេជ្ញារួមគ្នាទប់ស្កាត់និងបង្រ្កាបពាណិជ្ជកម្មឆ្លងដែនខុសច្បាប់

រូបភាព៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

កម្ពុជា-វៀតណាមបានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំង និង បង្រ្កាបពាណិជ្ជកម្មឆ្លង​ដែនខុសច្បាប់ ដូចជាព្រៃឈើ សត្វព្រៃ កៅស៊ូធម្មជាតិ និង ផលិតផលផ្សេងៗទៀត។

នេះបើតាមសេចក្ដីជូនព័ត៌មានចុះថ្ងៃទី ១៨ ខែ ឧសភា របស់ក្រសួងការបរទេស អំពីលទ្ធផលកិច្ចប្រជុំ​គណៈ​

កម្ម​ការ​ចម្រុះកម្ពុជា-វៀត​ណាម​លើកទី ​១៦ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​នៅ​ទីក្រុងហាណូយ​ប្រទេសវៀតណាម ដោយលើកឡើងពីលទ្ធផលសម្រេចជាច្រើនទាក់ទងនឹងបញ្ហាព្រំដែន កិច្ច​សហប្រតិបត្តិការទេសចរណ៍ វិស័យធនធានទឹក វិស័យសេដ្ឋកិច្ច និងការវិនិយោគ វិស័យសន្តិសុខ វិស័យអប់រំ និង វិស័យកសិកម្មជាដើម។

ក្នុងសេចក្ដីជូនព័ត៌មានលទ្ធផលនៃកិច្ចប្រជុំនៃវិស័យកសិកម្ម និង រុក្ខាប្រមាញ់ ភាគីកម្ពុជា និង វៀតណាមបាន​ប្ដេ​ជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំង និង បង្រ្កាបពាណិជ្ជកម្មឆ្លង​ដែនខុសច្បាប់ មានទាំង​ព្រៃឈើ សត្វព្រៃ កៅស៊ូធម្មជាតិ និង ផលិតផលផ្សេងទៀត តាមរយៈការផ្លាស់ប្ដូរព័ត៌មាន និងជួបប្រជុំជា​ទៀង​ទាត់​រវាងមន្រ្តីអនុវត្តន៍ច្បាប់ និង អាជ្ញាធរខេត្តតាមព្រំដែន។

ជាមួយគ្នានោះភាគីទាំង ២ក៏បានយល់ព្រមជំរុញសហប្រតិបត្តិការលើវិធានការអនាម័យ និងរុក្ខអនាម័យ ដើម្បីគ្រប់គ្រងជម្ងឺនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។

ចំណែកវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ភាគីទាំង២ បានបញ្ជាក់ជំហរមិនអនុញ្ញាតឲ្យមានកង​ទ័ពអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើការបំផ្លិតបំផ្លាញទៅដល់សន្តិសុខ និង អន្តរាគមន៍ទៅលើកិច្ច​ការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ