ការប្រកួតមិត្តភាពរវាងកីឡាករកម្ពុជា២រូប កាលពីថ្ងៃទី១៩ ឧសភា មុននេះនៅប៉ុស្ដិ៍លេខ៥ព្រែកកំពិស កីឡាករវ័យក្មេង តាំង សីហា បានយកឈ្នះលើកីឡាករជើងខ្លាំង និងចាស់វស្សា គួរអោយភ្ញាក់ផ្អើល ក្នុងពេលដែលកីឡាករទាំងពីរនេះ បើនិយាយពីក្រេឌីត និងបទពិសោធន៍ប្រកួត។ យ៉ាងណាមិញ ក្រោយជ័យជម្នះកីឡាករ តាំង សីហា បានអះអាងថាភ័យអរៗនៅឡើយទេ ដោយសារតែមិនដឹងថាកីឡាករជាគូប្រកួត ទាមទារឡើងប្រកួតសងសឹកពេលណា និងថាបើប៉ះគ្នាជាថ្មី តើមានសំណាងបែបនេះ ឬអត់?
កីឡាករ តាំង សីហា បានថ្លែងក្រោយត្រូវបានប្រកាសថាឈ្នះពិន្ទុលើកីឡាករ សួង សុណ្ណថា ថាលោកមានការភ្ញាក់ផ្អើល បន្ទាប់ពីការប្រកួតប៉ះគ្នាពេញរយៈពេល៥ទឹក ហើយលទ្ធផលដែលបានបង្ហាញគឺលោកមានប្រៀបខ្លាំងជាង។ លោកថាការប្រកួតនៅក្នុងថ្ងៃនោះ លោកប្រើកម្លាំងបាយច្រើនជាងបច្ចេកទេស ដោយសារតែម្យ៉ាងដៃគូរបស់លោកគឺជាជើងខ្លាំង ជាជើងចាស់ ដែលពិបាកអោយលោកវាយដោយបច្ចេកទេស ហើយស្ទើរៗត្រូវចំគោលដៅ។ លោកថាលោកប្រើយុទ្ធសាស្រ្តវាយសម្រុកៗ ហើយបើនិយាយពីការរុលចូលវាយយកៗ លោកប្រើច្រើនជាងភ័យបារម្ភពីគ្រោះថ្នាក់ ដោយក្នុងពេលនោះមិនដឹងថាលោកវាយត្រូវ ឬមិនត្រូវនោះទេ សំខាន់ត្រូវធ្វើសកម្មភាពកុំអោយតែគូប្រកួតវាយសម្រុកស្រួល។
តាំង សីហា កីឡាប្រដាល់មកពីក្លិបកងពលតូចលេខ៧០
អ៊ីចឹងហើយទើបលោកមានការភ័យបាម្ភ នៅពេលក្រោយប្រកាសថាឈ្នះ ហើយស្រាប់តែពេលណាមួយ កីឡាករ សួង សុវណ្ណថា សុំប្រកាសសងសឹក។ លោកថាក្នុងនាមជាកីឡាករ លោក មិនខ្លាច ចំពោះការប៉ះប្រកួតជាមួយដៃគូដែលខ្លួនធ្លាប់ឈ្នះនោះទេ ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភ គឺការប៉ះគ្នាម្ដងទៀត ហើយមិនអាចអោយលោកប្រើប្រាស់យុទ្ធសាស្រ្តវាយសម្រុកដោយប្រើកម្លាំង ហើយបានឈ្នះដូចមុន។ តាំង សីហា បញ្ជាក់ថា គ្រូបង្វឹករបស់កីឡាករសួង សុវណ្ណថា បានប្រកាសសុំប្រកួតជាថ្មីជាមួយលោក តែលោកមិនទាន់ដឹងថាតើមន្ត្រីសហព័ន្ធជាអ្នកផ្គូរផ្គង នឹងដាក់អោយលោកប្រកួតនៅសង្វៀនណា និងនៅកន្លែងណានោះទេ ក្នុងពេលដែលលោកបានត្រឹមតែអះអាងថាមិនទុកចិត្តសម្រាប់ជ័យជម្នះជាលើកទី២សម្រាប់ការប្រកួតនៅក្នុងពេលនោះ។
លោក សេង កដិកា និយាយថា សម្រាប់គូទាំង២លោកនឹងផ្គូរផ្គងអោយឡើងប៉ះគ្នាក្នុងពេលឆាប់ៗ ដោយសារតែលោកចង់ដឹងថាបើការប៉ះគ្នាជាថ្មីម្ដងទៀត តើកីឡាករ តាំង សីហា នឹងឈ្នះរៀមច្បងម្ដងទៀត ឬកីឡាករ សួង សុវណ្ណថា។ លោកថាមួយគូនេះអត់ទុកយូរទេ ដោយសារតែខាងកីឡាករដែលចាញ់ការប្រកួត ក៏ចង់ឡើងប្រកួតឆាប់ដើម្បីសងសឹកក្ដៅៗ។ យ៉ាងណាមិញ លោកបានសរសើរថាកីឡាករ តាំង សីហា ត្បិតថាជាកីឡាករជើងថ្មីតែថ្វីដៃរបស់គេក៏ល្អផងដែរ បើទោះជាជ័យជម្នះរបស់គេនៅក្នុងថ្ងៃនោះ ហាក់ជាលទ្ធផលហេងហេងៗច្រើនជាង៕