សកម្មជន​បរិស្ថាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដក​ហូត​កោះ​នៅខេត្ត​​កោះកុង​ពី​ក្រុមហ៊ុន​ឯកជន

រូបភាពពីវីដេអូ ពីហ្វេសប៊ុក Gigi Nuary

សកម្មជន​បរិស្ថាន​ខេត្ត​កោះកុង បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដក​ហូត​បណ្ដា​កោះ​ទាំង​អស់នៅ​ក្នុង​ដែន​សមុទ្រ​ស្ថិត​ក្នុង​ខេត្ត​នេះ​ពី​ក្រុមហ៊ុន​ឯកជន ដោយ​ថា ក្រុមហ៊ុន​ឯកជន ពុំ​បាន​អភិវឌ្ឍ​អ្វី​នោះ​ឡើយ ចាប់​តាំង​ពី​ពួកគេ​ទទួល​បាន​សម្បទាន។

នៅ​ក្នុង​វីដេអូ​រយៈ​ពេល ២​នាទី និង​ ៩​វិនាទី ដែល​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​មាតា​ធម្មជាតិ សកម្មជន​បរិស្ថាន កញ្ញា លឹម គឹមស័រ បាន​អះអាង​ថា គ្មាន​ការ​អភិវឌ្ឍ​នៅ​លើ​បណ្ដា​កោះ​ទាំង ១៤​នៅ​ស្ថិត​ក្នុង​ដែន​សមុទ្រ​នៅ​ក្នុង​ស្រុក​គិរីសាគរ​នោះ​ឡើយ បន្ទាប់​ពី​កោះ​ទាំង​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​​«ដោយ​សម្ងាត់»នៅ​ចន្លោះ​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១២​នោះ។

សកម្មជន​បរិស្ថាន​រូប​នេះ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដក​ហូត​បណ្ដា​កោះ​ទាំង​នោះ​ពី​ក្រុមហ៊ុន​ឯកជន​មក​វិញ ហើយ​បើក​ឲ្យ​សាធារណជន​បាន​ចូល​ទៅ​លេង​កម្សាន្ត​នៅ​លើ​បណ្ដា​កោះ​ទាំង​នោះ។

ដូច្នេះ​បាន​ន័យ​ថា រដ្ឋ​ត្រូវ​និរាករណ៍ សិទ្ធិ​អភិវឌ្ឍន៍ និង​ដក​ហូត​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​វិញ។ ប៉ុន្តែ ជាក់​ស្ដែង យើង​មិន​ឃើញ​មាន​ចំណាត់ការ​​ណា​មួយ​ចេញ​ពី​ក្រសួង​ដែល​ពាក់​ព័ន្ធ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ទេ បើទោះបី​ជា​សម្ដេច​បាន​ប្រកាស​អំពី​បញ្ហា​នេះ​រួច​ហើយ​ក៏​ដោយ

កញ្ញា លឹម គឹមស័រ ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​មាតា​ធម្មជាតិ សកម្មជន​បរិស្ថាន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​មេសា​កន្លង​មក​នេះ បាន​បញ្ជា​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ ឲ្យ​ចុះ​ត្រួត​ពិនិត្យ​ និង​ដក​ហូត​កោះ​នានា​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​នោះ​ពុំ​បាន​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​កិច្ច​សន្យា​នោះ​ឡើយ។

កោះមួយចំនួននៅក្នុងសមុទ្រដែលបានចុះហត្ថលេខារាប់ឆ្នាំហើយនោះ ហើយមិនបានអនុវត្ត ហើយគិតតែពីដើរលក់គម្រោង ខ្ញុំមិនឲ្យទេ លក់យកលុយគេ គឺជាប់គុកខ្លួនឯងទេ ចាប់ដៃគូបាន ប៉ុន្តែ មិនអនុញ្ញាតឲ្យលក់ទេ ដែលយើងត្រូវ​សើរើពិនិត្យមើល ព្រោះចុះហត្ថលេខាហើយ មិនព្រមធ្វើ​ ដូច​កោះទន្សាយ នៅតែទន្សាយ ដកមុនគេ ដកកោះទន្សាយតែម្តង

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

នៅ​ពេល​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្ដាសោភា បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​ដល់​វីអូឌី។

លោក សុខ ចិន្ដាសោភា បាន​ប្រាប់​ថា៖ «អរគុណ​ អរគុណ ខ្ញុំ​អត់​មាន​ត្រូវ​សម្ភាស​អី​តាម​​ទូរសព្ទ​ទេ»។

វីអូឌី​បាន​ព្យាយាម​ស្វែង​រក​ការ​ពន្យល់​បន្ថែម​ពី​​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក ឡោ រ៉ាវុធ និង​លោក សេង ឡូត ប៉ុន្តែ ពុំ​មាន​នរណា​ទទួល​ទូរសព្ទ​នោះ​ឡើយ។

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ទិន ពន្លក បាន​ចុច​ផ្ដាច់​ទូរសព្ទ​ទៅ​វិញ នៅ​ពេល​វីអូឌី​បាន​ស្វែង​រក​ការ​ពន្យល់​ពី​លោក។

នាយកប្រតិបត្តិ NGO Forum លោក តឹក វណ្ណារ៉ា ដែល​ឃ្លាំ​មើល​ដំណើរ​អភិវឌ្ឍននៅ​កម្ពុជា មិនអាចទាក់ទងបានទេ ប៉ុន្តែ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ បាន​ប្រាប់​ឲ្យដឹងថា លោកផ្អាកនិយាយជាមួយសារព័ត៌មាន​មួយ​រយៈ ដោយ​ថា ព្រួយ​បារម្ភ​ជុំ​វិញ​ស្ថានភាពនយោបាយ។

របាយការណ៍របស់អង្គការមាតាធម្មជាតិ​ដែល​វីអូឌី​ទទួល​បាន បាន​បង្ហាញ​ថា កោះចំនួន១៦ ដែលមានផ្ទៃដីទំហំ ១៣៤៣,២ហិកតា ត្រូវបានរដ្ឋាភិបាលប្រគល់ទៅ​ឲ្យក្រុមហ៊ុនឯកជនចំនួន ៩ សម្រាប់ធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍ ដោយក្នុងមានទាំងក្រុមហ៊ុន LYP Group របស់លោកឧកញ៉ា លី យ៉ុងផាត់ ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ