ប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១ ០០០នាក់ មកពីខេត្តកោះកុង និងខេត្តកំពង់ស្ពឺ បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិមួយចំនួន នៅថ្ងៃអង្គារនេះ ដើម្បីស្នើឱ្យពន្លឿនការដោះស្រាយរឿងដីធ្លី និងអន្តរាគមន៍ឱ្យមានការទម្លាក់ចោលការចោទប្រកាន់លើតំណាងពួកគេដែលជាប់បណ្ដឹងនៅតុលាការដោយសាររឿងតវ៉ាដីធ្លី។
អ្នកសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព ដែលឃ្លាំមើលការប្រមូលផ្តុំនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះមានគ្នាប្រមាណ១ ០០៨នាក់ មកពីខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ និងលោកឧកញ៉ា ហេង ហ៊ុយ។
លោកសង្កេតឃើញថា សកម្មភាពប្រមូលផ្ដុំតវ៉ានិងដាក់ញត្តិរបស់ពលរដ្ឋ គឺធ្វើឡើងស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិ ជាពិសេសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានដំណោះស្រាយរឿងដីធ្លីសម្រាប់ពួកគាត់ ក៏ដូចជាស្នើឱ្យមានការទម្លាក់ចោលនូវបទចោទនានាទៅលើពួកគាត់ផងដែរ។ ករណីនេះ លោកថា អាជ្ញាធរគួរតែរកមធ្យោបាយសម្របសម្រួល ដើម្បីរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃទាំងនេះ ជាជាងធ្វើការហាមឃាត់ ឬចោទប្រកាន់ ឬចាប់ខ្លួនពលរដ្ឋដែលរងគ្រោះទាំងនោះ។

លោកថា៖ «ពួកគាត់គឺជាប្រជាពលរដ្ឋ ជាផ្នែកមួយនៃរដ្ឋ ហើយពួកគាត់មានបញ្ហាដីធ្លី ដូច្នេះបញ្ហាហ្នឹង អ្នកដែលទទួលបន្ទុកដោះស្រាយហ្នឹងគឺរាជរដ្ឋាភិបាលហ្នឹងឯង។ អ៊ីចឹងអត់អាចគេចវេះបានទេក្នុងការដោះស្រាយនេះ។ អ្វីដែលជាយន្តការល្អបំផុត គឺត្រូវតែសម្របសម្រួលឱ្យមានការដោះស្រាយណាមួយដែលមានភាពយុត្តិធម៌ត្រឹមត្រូវតាមទំហំដី តាមភាពជាក់ស្តែងដែលគាត់បាត់បង់ អាហ្នឹងបានបញ្ហាវិវាទហ្នឹងត្រូវបានបញ្ចប់»។
ប្រជាពលរដ្ឋមកពីខេត្តកោះកុង និងកំពុងរងបណ្ដឹងនៅតុលាការ លោក ឈឹម សាផាន មានប្រសាសន៍នៅមុខក្រសួងយុត្តិធម៌ ថាក្រុមរបស់ពួកគាត់ មានពលរដ្ឋចំនួន៨៤៣គ្រួសារ ត្រូវបានក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ រំលោភយកដីធ្លីអស់តាំងពីឆ្នាំ២០០៦មក។
លោកបន្តថា រយៈពេលជិត២០ឆ្នាំហើយដែលពួកគាត់នៅមិនទាន់បានទទួលដំណោះស្រាយ បើទោះបីជាពួកគាត់បានស្វះស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានដល់ថ្នាក់ខេត្ត ហើយផ្ទុយទៅវិញ រូបលោក និងតំណាងពលរដ្ឋ៩នាក់ទៀត បែរជារងបណ្ដឹងនៅតុលាការទៅវិញ។
ករណីនេះ លោកបានស្នើដល់ក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ទៅសាលាដំបូងខេត្តកោះកុង ឱ្យទម្លាក់ចោលបទចោទប្រកាន់ទៅលើតំណាងពលរដ្ឋ និងជំរុញឱ្យមានដំណោះស្រាយរឿងដីធ្លី។
លោកបន្ថែមថា៖ «បាត់បង់ដីធ្លីហើយ រងការចោទប្រកាន់នៅតុលាការទៀត ខ្ញុំថាមានភាពអយុត្តិធម៌បំផុត អយុត្តិធម៌បំផុត! អ៊ីចឹងហើយបានសហគមន៍ទាំងអស់នាំគ្នាមកហ្នឹង [ក្រសួងយុត្តិធម៌] […] ខ្ញុំសង្ឃឹមថាក្រសួងយុត្តិធម៌នឹងផ្ដល់ភាពយុត្តិធម៌ដល់សហគមន៍ដែលរងគ្រោះនៅខេត្តកោះកុងទាំងមូល»។

ពលរដ្ឋនៅខេត្តកោះកុងម្នាក់ទៀត អ្នកស្រី ដេត ហួរ ឱ្យដឹងថា ក្រុមរបស់ពួកគាត់មានពលរដ្ឋចំនួន១៩៧គ្រួសារ ត្រូវបានក្រុមហ៊ុន «ហេងហ៊ុយ អភិវឌ្ឍន៍» របស់លោក ហេង ហ៊ុយ រំលោភយកអស់តាំងពីឆ្នាំ២០០៧ ដោយមិនបានដោះស្រាយសំណងអ្វីជូនពលរដ្ឋនោះទេ។
អ្នកស្រី ដេត ហួរ ដែលកំពុងជាប់បណ្តឹង២ករណីនៅតុលាការ បាននិយាយទាំងទឹកភ្នែកថា ក្រោមជម្លោះដីធ្លីជាមួយក្រុមហ៊ុននេះ រូបអ្នកស្រី និងតំណាងពលរដ្ឋ៨នាក់ទៀត បានជាប់បណ្តឹងនៅតុលាការយ៉ាងអយុត្តិធម៌ ដោយសារលោក ហេង ហ៊ុយ ជាអ្នកប្តឹង។ អ្នកស្រីបន្តថា ពលរដ្ឋបានទាមទារឱ្យអាជ្ញាធរដោះស្រាយដោយផ្តល់ដីទំហំ៤២១ហិកតា និងសំណងខូចខាតផលដំណាំ៧ ០០០ដុល្លារ សម្រាប់ពលរដ្ឋមួយគ្រួសារ និងសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើតំណាងពលរដ្ឋ។
អ្នកស្រីបន្ថែមថា៖ «បើសម្តេច [ហ៊ុន សែន] និងក្រសួងពាក់ព័ន្ធមិនអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋទេ ប្រជាពលរដ្ឋនឹងបន្តរងទុក្ខវេទនាដោយសារការបាត់បង់ដីធ្លី ហើយប្រឈមប្រព័ន្ធតុលាការថែមទៀត។ ខ្ញុំឈឺចាប់ខ្លាំងណាស់ បងប្អូនប្រជាពលរដ្ឋក៏គាត់ឈឺចាប់ដែរ ដោយសារគាត់បានបាត់បង់ប្រាក់ចំណូល សមាជិកគ្រួសារចំណាកស្រុក ដោយការបាត់បង់ដីធ្លី គ្មានដីសម្រាប់បង្កបង្កើនផល»។
ចំណែកពលរដ្ឋមកពីខេត្តកំពង់ស្ពឺ អ្នកស្រី មុំ សុភី បានឱ្យដឹងថា ពលរដ្ឋជាង៣០០នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក ឧកញ៉ា លី យ៉ុងផាត់ បានជិះរថយន្តប្រមាណ២២គ្រឿង ដើម្បីមកដាក់ញត្តិនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិមួយចំនួននៅរាជធានីភ្នំពេញ នាថ្ងៃអង្គារនេះដែរ ប៉ុន្តែត្រូវបានរារាំងដោយសមត្ថកិច្ចនៅតាមផ្លូវ។
អ្នកស្រី មុំ សុភី បន្តថា មានតែរថយន្ត២គ្រឿង និងពលរដ្ឋប្រហែល៤០នាក់ប៉ុណ្ណោះបានមកដល់រាជធានីភ្នំពេញ ដើម្បីតាមដាននិងដាក់ញត្តិបន្ថែម ជំរុញឱ្យមានដំណោះស្រាយដីធ្លី ខណៈជម្លោះនោះបានអូសបន្លាយជាង១០ឆ្នាំ ក្នុងនោះ តំណាងពលរដ្ឋ៦នាក់កំពុងជាប់បណ្តឹងនៅតុលាការ។
ពលរដ្ឋរូបនេះឱ្យដឹងថា ពលរដ្ឋជាង១ ០០០គ្រួសារ នៅឃុំត្រពាំងជោរ ឃុំអមលាំង និងឃុំរស្មីសាមគ្គី នៃស្រុកឱរ៉ាល់ ត្រូវបានក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ រំលោភយកដីធ្លីអស់ ដោយមិនទាន់ទទួលបានសំណងឡើយ។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំបាត់ដីតាំងពីឆ្នាំ២០១១ ដោយសារក្រុមហ៊ុនលោក លី យ៉ុងផាត់ រំលោភយក ហើយអាជ្ញាធរមូលដ្ឋានមិនត្រឹមតែមិនជួយប្រជាពលរដ្ឋទេ បែរជាទៅជួយការពារក្រុមហ៊ុនដែលបានរំលោភយកដីធ្លីពួកខ្ញុំទៅវិញ។ ពលរដ្ឋខំបោះឆ្នោតឱ្យពួកគាត់រាល់អាណត្តិ ប៉ុន្តែគាត់មានតែការកុហកបោកប្រាស់ពលរដ្ឋ។ គាត់ជាអាជ្ញាធរ ជាមន្ត្រីរបស់រដ្ឋាភិបាល ដែលគាត់ស៊ីប្រាក់ខែប្រជាជន ហេតុអីបានជាគាត់ទៅការពារតែក្រុមហ៊ុន? ពលរដ្ឋខំបង់ពន្ធជូនរដ្ឋ ហេតុអីគាត់មិនបម្រើពលរដ្ឋ?»
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា៖ «ជាទូទៅ ពាក់ព័ន្ធនឹងសមត្ថកិច្ចតុលាការ ប្រសិនបើមានការដាក់ញត្តិមក ក្រសួងនឹងពិនិត្យទៅតាមតួនាទីភារកិច្ចរបស់ក្រសួង ប៉ុន្តែគ្រាន់តែថា តាមគោលការណ៍ច្បាប់ សំណុំរឿងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ គឺក្រសួងមិនអាចទៅបង្គាប់បញ្ជាតុលាការនោះបានទេ។ ហើយប្រសិនបើគាត់មិនពេញចិត្តទៅនឹងដំណើរការនីតិវិធី គាត់មិនពេញចិត្តនឹងបទចោទ ឬក៏គាត់ចាញ់ក្តី អាហ្នឹងគាត់ត្រូវធ្វើការតតាំងក្តីទៅតុលាការជាន់ខ្ពស់បន្តទៀត ដើម្បីធ្វើការការពារខ្លួនតាមផ្លូវនិងនីតិវិធីច្បាប់ដែលមានជាធរមាន»។
ចំណែកមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បានទទួលញត្តិពីក្រុមពលរដ្ឋ ប៉ុន្តែលោកមិនបាននិយាយឆ្លើយតបអ្វីទៅពលរដ្ឋវិញនោះទេ។
បើតាមតំណាងពលរដ្ឋ ពួកគេបានដាក់ញត្តិនៅក្រសួងយុត្តិធម៌ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី រួចហើយ ដើម្បីស្នើទៅក្រសួងទាំងនោះពន្លឿនការដោះស្រាយដីធ្លី និងអន្តរាគមន៍ទម្លាក់ការចោទប្រកាន់លើតំណាងពលរដ្ឋជាង៣០នាក់ នៅខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ដែលកំពុងជាប់បណ្តឹងនៅតុលាការ។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុកបានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ មានពលរដ្ឋរងគ្រោះដីធ្លីចំនួន១៥៧នាក់កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតុលាការ ខណៈជនរងគ្រោះ១៧នាក់ទៀតកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។
សមាគមមួយនេះបានទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ចោទប្រកាន់ និងចាប់ឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លីនៅកម្ពុជា ដោយថា ពួកគាត់គ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ា ដើម្បីទាមទាររកយុត្តិធម៌តែប៉ុណ្ណោះ៕