ភរិយាសពលោក កែម ឡីស្នើទៅគណបក្សថ្មីកុំឲ្យយកឈ្មោះស្វាមីខ្លួនទៅឃោសនា

អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី កាលពីពេល​កន្លង​មក

ភរិយាសព​អ្នកវិភាគ​ល្បី​​ឈ្មោះ លោក បណ្ឌិត កែម ឡី ស្នើទៅគណបក្សនយោបាយថ្មីមួយកុំយកឈ្មោះនិងរូបស្វាមីរបស់គាត់ទៅឃោសនាប្រាប់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញសំឡេងឆ្នោត ដោយថា  គណបក្សនេះ មិនអាចរកយុត្តិធម៌ជូនស្វាមីរបស់អ្នកស្រីបានទេ។

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក​ គុជ​ លី អ្នកនាំពាក្យ«គណបក្ស​ខ្មែរ​តែមួយ»របស់​ប្អូន​លោក កែម ឡី គឺ​លោក កែម រិទ្ធីសិត បានយករូបថតលោក កែម ឡី ​បង្ហោះលើហ្វេសប៊ុកដោយភ្ជាប់ជាមួយគណបក្សរបស់ខ្លួន ដើម្បីស្វែងការគាំទ្រពីប្រជាពលរដ្ឋ។ នៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក គុជ លី ដែល​មាន​ឈ្មោះ​ថា «Kuch Kuch»បានសរសេរថា យើងត្រូវបន្តដំណើរ ដើម្បីស្វែងរក​យុត្តិធម៌​ជូនសពបណ្ឌិត កែម ឡី។

ប៉ុន្តែភរិយាសពលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា  បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ស្រី​នៅ​ថ្ងៃ​នេះថា លោក គុជ លី គ្មានសិទ្ធិយកឈ្មោះស្វាមីរបស់អ្នកស្រីទៅឃោសនា ដោយគ្មានការអនុញ្ញាតពីអ្នកស្រីឡើយ។

នាងខ្ញុំសូមលោក គុជ លី អំពាវនាវរកសន្លឹកឆ្នោតតាមសមត្ថភាពដែលខ្លួនមានទៅ កុំអូសទាញយកឈ្មោះស្វាមីខ្ញុំទៅចូលក្នុងគណបក្សបែបនេះ ហើយលោកក៏គ្មានសិទ្ធិអីយករូបស្វាមីខ្ញុំទៅដាក់បែបនេះដែរ។ តើលោកមានបានសុំការអនុញ្ញាតពីខ្ញុំដែរជាភរិយាទេ មុនហ្នឹងយករូបគាត់ទៅដាក់ ហួសហេតុពេកហើយ ដើម្បីចង់បានសន្លឹកឆ្នោតទៅបក្សរបស់ខ្លួន លោកមកបំផ្លាញដល់ឈ្មោះគាត់។ លោកចង់ឃោសនាបែបណាតាមចិត្ត តែកុំមកប៉ះពាល់ដល់កិត្តិយសស្វាមីខ្ញុំ ប្រជាពលរដ្ឋខ្មែរទាំងអស់គាត់យល់ដឹងណាស់ អំពីគណបក្សមួយនេះ ចឹងហើយកុំព្យាយាមយកស្វាមីខ្ញុំទៅបូកឡូកអី ទោះលោកខំយ៉ាងណាក៏មិនអាចរកយុត្តិធម៌ជូនគាត់បានដែរ

អ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី

អ្នកនាំពាក្យនាំគណបក្សខ្មែរតែមួយ លោក គុជ លី ច្រានចោលការអះអាងភរិយាលោក កែម ឡី ដោយថា ប្រសិនបើគណបក្សនេះឈ្នះឆ្នោត លោកនឹងស្វែងរកអ្នកពាក់ព័ន្ធនៅពីក្រោយឃាតកម្មលោក កែម ឡី ។

នៅពេលដែលយើងឈ្នះឆ្នោតនៅក្នុងការដឹកនាំគណបក្សនឹងឯង  ដែលយើងអាចរកយុត្តិធម៌ពិត​ជូនបណ្ឌិតបាន បើសិនយើងអត់បង្កើតស្ថាប័នហ្នឹង តើខ្ញុំមានអីទៅអះអាងទៅទាមទាររកយុត្តិធម៌ឲ្យលោកបណ្ឌិតបាន យើងបានមកត្រឹមស្រែកដូចក្រុមលោក ប៊ុន តេញ អញ្ចឹងទៅ។… អញ្ចឹងមានតែសម្រេចចិត្តធ្វើស្ថាប័នមួយស្របច្បាប់ រក្សាកិត្តិនាម និងស្វែងរកយុត្តិធម៌ជូនលោកពិតប្រាកដទេ ដែលយើងអាចសង្ឃឹមជឿជាក់បាន

លោក គុជ លី អ្នកនាំពាក្យនាំគណបក្សខ្មែរតែមួយ

អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ថា ការប្រតិកម្មរបស់ភរិយាលោក កែម ឡី ថាជារឿងត្រឹមត្រូវ ។

លោកថា៖«មានន័យថា បក្សរបស់ខ្លួនមិនមានលទ្ធភាពគ្រប់គ្រាន់ធ្វើអ្វីទេ​ , ទី២ វាធ្វើឲ្យខូចតម្លៃលោកបណ្ឌិត កែម ឡី ទៀតអ្នកដែលស្អាតស្អំនៅក្នុងរឿងកិច្ចការងារប្រទេសជាតិ ទី៣ ធ្វើឲ្យប្រជាពលរដ្ឋលែងគាំទ្រគណបក្សពួកគាត់តែម្ដង ដោយសារ តែគេមើលឃើញគំនិតដែលគាត់គិតមកហ្នឹង វាចង់ចំណេញនយោបាយ»។

អ្នកស្រី ប៊ូ រចនា និង​កូន​ប្រុស​ទាំង ៥​នាក់​របស់​អ្នក​ស្រី ​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ហើយ បន្ទាប់​ពី​រស់នៅ​ដោយ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃក្រោយ​ពី​ស្វាមី​របស់​អ្នកស្រីត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា «ជួប សម្លាប់» ដោយកាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារមួយជីវិត  នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក កែម ឡី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ