តុលាការ​ជំនុំជម្រះ​សំណុំរឿង​ទីពីរ​របស់​លោក គឹម សុខ ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

សំណុំរឿង​ទីពីរ ​ក្នុងចំណោមសំណុំរឿងចំនួនពីរដែលចោទពីបទ «​បរិហារកេរ្តិ៍ និង​ញុះញង់​» ទៅលើអ្នកវិភាគនយោបាយ លោក គឹម សុខ ​ត្រូវ​បានបើក​សវនាការ​ជំនុំជម្រះកាលពីថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០២២។

សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ ​បាន​បើកសវនាការជំនុំជម្រះសំណុំរឿង​លោក គឹម សុខ ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស។ កន្លងមក តុលាការបានផ្តន្ទាទោសលោកឱ្យជាប់​ពន្ធនាគារ​រយៈពេល ១៨ខែ​ លើសំណុំ​រឿងទី​មួយ ក្នុងចំណោមសំណុំរឿងពីរដែលពាក់ព័ន្ធគ្នា។

សំណុំរឿង​ទាំងពីរ​នោះទាក់ទង​នឹងការផ្ដល់​បទសម្ភាស​តាម​វិទ្យុ​​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ​ថា​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក កែម ឡី ដែលជាអ្នកវិភាគ​នយោបាយ​។

ក្រៅ​ពី​មន្ត្រី​តុលាការ សវនាការ​ជំនុំជម្រះ​ដែល​មាន​រយៈពេល ៤៥នាទី មាន​អ្នករាយការណ៍ព័ត៌មាន​តែ​ពីរ​នាក់ និង​សាធារណជន​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​វត្តមាន ខណៈ​ទាំង​លោក គី តិច មេធាវី​ដើម​បណ្ដឹងដែល​តំណាង​ឱ្យលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេធាវី​ការពារ​ក្ដី​លោក ជូង ជូងី មិនមានវត្តមាននោះទេ។

សវនាការ​បាន​ដំណើរការ​ ដោយ​ក្រឡាបញ្ជី​បាន​និយាយ​ថា លិខិតត្រូវ​បាន​ផ្ញើ​ទៅ​ភាគី​ទាំង​ពីរ​តាម​រយៈ​មន្ត្រី​នគរបាល ហើយ​​មិនមានភាគីណា​មួយ​ស្នើសុំ​​ពន្យារពេល​សវនាការឡើយ។ តំណាងអយ្យការ​បាន​ស្នើ​សុំ​ឱ្យ​បន្តសវនាការ។

ក្រឡាបញ្ជី បានអានចម្លើយរបស់មេធាវីរដ្ឋាភិបាល គឺលោក គី តិច។ លោក គឹម សុខ បានផ្តល់បទសម្ភាសចំនួនពីរលើកដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១១ និងទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលនៅក្នុងបទសម្ភាសទាំងពីរលើកនេះ លោក គឹម សុខ បានភ្ជាប់គណបក្សប្រជាជនកម្ពុជា ទៅនឹងឃាតកម្មលើលោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៦។

លោក គឹម សុខ បាន​ជាប់ពន្ធនាគារ​រួច​ហើយ​ ពាក់ព័ន្ធនឹង​បទ​សម្ភាសកាលពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០១៧ ហើយ​ឥលូវនេះ លោក​ត្រូវ​បានជំនុំជម្រះពាក់ព័ន្ធនឹងបទសម្ភាសកាលពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០១៧។ លោក គី តិច បានដាក់ពាក្យបណ្ដឹងនៅខែកុម្ភៈ ឆ្នាំ២០១៧។

ចម្លើយ​របស់លោក គី តិច ជាមួយ​ចៅក្រម​ស៊ើបសួរ​ បាន​និយាយ​ថា លោក គឹម សុខ ​បានញុះញង់ឱ្យមហាជនផ្ទុះ​កំហឹង​​ និង​បង្កអស្ថិរភាពសង្គម។

លោក គី តិច បានលើកឡើងថា៖ «ការ​អះអាងនេះ​បង្កប់ហេតុផល​នយោបាយ ជា​ឧបាយកល​ញុះញង់​ឱ្យ​មាន​ចលាចល និងភាពស្អប់ខ្ពើមចំពោះសម្តេច ហ៊ុន សែន»។

លោក គី តិច បានទាមទារសំណងចំនួន១០០លានរៀល ឬប្រហែល២៥ ០០០ដុល្លារ។

ក្រឡាបញ្ជី​ ក៏​បានអានចម្លើយ​របស់​លោក គឹម សុខ ដែល​បាន​ផ្តល់នៅដំណាក់កាលអយ្យការ​​ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៧ បន្ទាប់​ពី​ការឃុំ​ខ្លួនរូបលោក។

នៅក្នុងចម្លើយ ឆ្នាំ២០១៧ លោក គឹម សុខ បាននិយាយថា លោកមិនមានចេតនាញុះញង់នរណាម្នាក់ឡើយ ខណៈលោកនៅតែបន្តការជជែកវែកញែកអំពីឃាតកម្មបង្កប់ហេតុផលនយោបាយ។

លោកបានរៀបរាប់អំពីករណីមួយចំនួន ដូចជា លោក ធន់ ប៊ុនលី ចាងហ្វាងកាសែត និងជាអ្នករិះគន់រដ្ឋាភិបាល ត្រូវបានបាញ់សម្លាប់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៩៦, អ្នកស្រី ពិសិដ្ឋ ពីលីកា ជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប ត្រូវបានសម្លាប់នៅក្នុងខែកក្កដា ឆ្នាំ១៩៩៩ ចំពេលមានការអះអាងពីទំនាក់ទំនងជាមួយនឹងគ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន, តារា​ចម្រៀង ទូច ស៊ុននិច និង​អ្នក​កាសែត​​ប្រឆាំង លោក ជួ ជេដ្ឋារិទ្ធ ត្រូវ​បាន​បាញ់សម្លាប់​ក្នុងសប្ដាហ៍​តែ​មួយ ​ក្នុង​ខែ​តុលា ឆ្នាំ២០០៣, មេដឹកនាំ​សហជីព​ លោក ជា វិជ្ជា ត្រូវ​បាន​​បាញ់​សម្លាប់​នៅ​ខាង​ក្រៅ​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ ​ឆ្នាំ២០០៤, និង​លោក ឈុត វុទ្ធី អ្នក​ការពារបរិស្ថាន​ ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០១២។

ក្នុងចម្លើយ​ លោក គឹម សុខ បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើគ្មានប្រព័ន្ធពិតប្រាកដ យ៉ាងហោចណាស់ក៏មានសំណុំ​រឿង​មួយ​ត្រូវគេផ្តន្ទាទោសដែរ»។

លោក​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ឃាតក​ពិត និង​បង្ហាញ​ភស្តុតាង​ពី​ករណី​ទាំងឡាយ។

កាល​ពី​ថ្ងៃ​ចន្ទ ព្រះរាជអាជ្ញា លោក ស៊ិត វណ្ណៈ បាន​ថ្លែង​ថា លោក គឹម សុខ មិនមានភស្តុតាងគាំទ្រការអះអាងដែលមានលក្ខណៈបរិហារកេរ្តិ៍នេះឡើយ។

លោក ស៊ិត វណ្ណៈ បានថ្លែងថា៖ «ករណីនេះប៉ះពាល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម ដូច្នេះតំណាងអយ្យការ​ស្នើ​សុំឱ្យ​ចៅក្រម​តម្កល់​បទ​ចោទ»។

លោក គឹម សុខ បានប្រាប់ វីអូឌី កាលពីខែមុនថា លោកដឹងថាមានសំណុំរឿងពីរប្រឆាំងនឹងរូបលោក ប៉ុន្តែលោកទើបតែដឹងអំពីសវនាការនេះ បន្ទាប់ពីមានអ្នកសារព័ត៌មានសាកសួរលោកអំពីរឿងនេះ។ ​លោក​ជឿ​ថា ​សវនាការ​នេះ​មានគោលបំណងរារាំង​លោក​មិន​ឱ្យ​ចូល​រួមក្នុង​នយោបាយ។

មេធាវីការពារក្តី លោក ជូង ជូងី បាននិយាយកាលពីថ្ងៃចន្ទថា លោកមិនបានទទួលដំណឹងពីតុលាការអំពីសវនាការនេះទេ។

លោក ជូង ជូងី បានថ្លែងថា៖ «ការ​មិន​បញ្ជូនដល់មេធាវី ​គឺ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ឡើយ។ សមត្ថកិច្ច​មិន​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួនឱ្យ​បាន​ត្រឹម​ត្រូវ​ទេ»។

លោក​ចៅក្រម សេង សុជាតិ ថ្លែង​ថា លោក​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ២០២៣៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Analyst Kim Sok Again on Trial for Political Killing Claim

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ