បក្ស​ឆន្ទៈ​ខ្មែរ​របស់កូន​ប្រុស​លោក គង់ គាំ បើក​ស្នាក់ការ​នៅ​ទីតាំង​អតីត​បក្ស​ប្រឆាំង

រូបភាព៖ ទំព័រហ្វេសប៊ុក គណបក្ស ឆន្ទៈខ្មែរ គ.ឆ.ខ

អតីត​ទី​ស្នាក់​ការ​របស់​បក្ស​ប្រឆាំង ត្រូវ​បាន​ប្រែ​ក្លាយទៅ​ជា​ទីស្នាក់​ការបក្ស​នយោបាយ​ថ្មី ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កូន​ប្រុស​ម្នាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង។

នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់​​ខ្លួន​​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា​នេះ គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក គង់ មុនីកា កូន​ប្រុស​លោក គង់ គាំ ដែល​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ម្នាក់​នៃ​គណបក្ស សម រង្ស៊ី នោះ បាន​រៀបរាប់​ថា ស្នាក់ការ ៧១ ដែល​ធ្លាប់​ជា​ទីស្នាក់ងារ​កណ្ដាល​របស់​គណបក្ស សម រង្ស៊ី ចន្លោះ​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០១២​នោះ បាន​ក្លាយ​ជា​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ។

គណបក្ស សម រង្ស៊ី ដែល​ក្រោយ​មក​បាន​កែ​ប្រែ​ឈ្មោះ​ទៅ​ជា​គណបក្ស​ភ្លើង​ទៀន​នោះ បាន​បង្កើត​​ទីស្នាក់​ការ​កណ្ដាល​របស់​ខ្លួន​នៅ​លើ​ដី​ឡូតិ៍​ស្ថិត​ផ្ទះ​លេខ ៧១ ដែល​ជា​កម្មសិទ្ធិ​របស់​លោក គង់ គាំ មុន​នឹង​បក្ស​នេះ​បាន​រួបរួម​គ្នា​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បង្កើត​ទីស្នាក់ការ​កណ្ដាល​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ២ ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែលើ។

លោក គង់ គាំ ដែល​ជា​ធ្លាប់​ជា​ប្រធាន​គណបក្ស សម រង្ស៊ី នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី ទៅ​ដឹកនាំ​អតីតគណបក្ស​សង្គ្រោះ​ជាតិ​នោះ បាន​ស្នើ​យក​ដីឡូតិ៍​នេះ​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​២០១១​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ