រដ្ឋាភិបាល​កំពុង​សិក្សា​វិធាន​ការលើ​អង្ករថៃ​​ដាក់​រូប​សញ្ញា​អង្គរវត្ត និង​អក្សរ​ខ្មែរ

ផលិតផលអង្ករ ដែលមានរូបសញ្ញាអង្គរវត្តខ្មែរ (រូបភាព៖ បណ្ដាញសង្គម)

រដ្ឋាភិបាល​កម្ពុជា​​កំពុង​សិក្សា​ស្រាវជ្រាវ​បន្ថែម​​មុន​នឹង​ចាត់​វិធានការ​ទៅ​លើ​អង្ករ​​ថៃ ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​​ដាក់​រូប​សញ្ញាអង្គរ​វត្ត និង​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​កាល​ពី​ចុង​ខែ​កន្លង​មក​នេះ ដែល​វីអូឌី​ទើប​តែ​ទទួល​បាន​នៅ​ថ្ងៃ​នេះ ក្រសួង​ពាណិជ្ជកម្ម​ បាន​លើក​ឡើង​ថា​ ផលិត​ផល​អង្ករ​សម្រេច​ដែល​ច្រក​នៅ​លើ​ក្នុង​សំបក​បេ​មាន​ភ្ជាប់​ជាមួយ​អក្សរ​ខ្មែរ «អង្ករ​ក្រអូប​ពិសេស» ប៉ុន្តែ ភ្ជាប់​ជាមួយ​អក្សរ​អង់គ្លេស​«Product of Thailand [ផលិត​ផល​ថៃ]»នោះ កំពុង​តែ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ក្រសួង​នេះ បាន​ចាត់​ទុក​ផលិត​ផល​អង្ករ​ភ្ជាប់​ជាមួយ​រូប​ប្រាសាទ​អង្គរ​វត្ត​នេះ​ថា ជា​ការ​បំភ័ន្ត​អ្នក​ប្រើ​ប្រាស់​អំពី​ប្រភព​ដើម​នៃ​ផលិត​ផល។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ាង ថៃ បាន​ឲ្យ​វីអូ​ឌី​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ រហូត​មក​ដល់​ពេល​នេះ ក្រសួង​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​បន្ថែម​លើ​អ្នក​បន្លំ​ពាណិជ្ជ​សញ្ញានេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ថា ក្រសួង​បាន​ទំនាក់​ទំនង​ទៅ​កាន់​ក្រសួង​ពាណិជ្ជកម្មថៃ​​ ដើម្បីចាត់​វិធាន​ការ​រួច​ហើយ​។

យើង​ឃើញ​មួយ​កន្លែង​ តែ​ពេល​នេះ​ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ក្រៅប្រទេស ​តាម​ឃ្លាំ​មើល​​នៅ​កន្លែង​ដទៃ តែ​មិន​ទាន់​មាន​សេចក្តី​រាយ​ការណ៍​មកថា ​ឃើញ​ទេ។ យើង​មិន​ទាន់​ហ៊ាន​ថា មាន​តែ​មួយ​កន្លែង​ទេ យើង​ក៏​រក​មើល​ដែរ ​តែ​វា​អត់​ទាន់​ឃើញ​ ឃើញតែ​មួយ​ហ្នឹង!

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ាង ថៃ

ទោះ​ជា​យ៉ាង​ណា ​ក្រសួង​មិ​ន​ទាន់​កំណត់​ពី​ការ​ខាត​បង់​របស់​កម្ពុជា​ដោយ​សារ​ផលិត​ផល​បន្លំ​ប្រភព​ដើម​ទំនិញ​នេះ​នៅ​ឡើយ​។

របាយការណ៍របស់​ក្រសួង​កសិកម្ម​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ ៤​ខែ​ដើម​ឆ្នាំ​២០១៨​នេះ​ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជិត ​២០​ម៉ឺន​តោន​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដែល​នាំ​ចេញ​ដោយ​ក្រុម​ហ៊ុន​ចំនួន​ ៦៧ក្រុម​ហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ