លោក ហ៊ុន សែន ព្រមាន​ដក​មន្ត្រី​យោធា​២​នាក់​ផ្សាយ​រឿង​អាស្រូវ​សង្ឃ​មួយ​អង្គ​​នៅ​បន្ទាយមានជ័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨គីឡូម៉ែត្រ ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប (រូបភាព៖ FN)

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន បាន​ព្រមាន​ដកតំណែង​​មន្ត្រី​យោធា​​ ២រូប ពី​ក្រប​ខណ្ឌ​ក្រសួង​ការពារ​ជាតិ បន្ទាប់​ពី​មន្ត្រី​យោធា​ទាំង ២​រូប​នោះ បាន​ផ្សព្វផ្សាយ​វិវាទ​ដ៏​ចម្រូង​ចម្រាស់​រវាង​អតីត​ចៅអធិការ​វត្ត​មួយ​អង្គ និង​នារី​ម្នាក់ នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​សប្ដាហ៍​មុន។

អធិករ​ដ៏​ចម្រូង​ចម្រាស់​រវាង​ព្រះ​សង្ឃ ស្រិល វណ្ណា និង​នារី​ម្នាក់ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ព្រោង​ព្រាត បន្ទាប់​ពី​លោក ផែង វណ្ណៈ បាន​សម្ភាស​ជា​មួយ​អតីត​ព្រះ​ចៅអធិការ​វត្ត​ បាក់លើ និង​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​ ហើយ​លោក ខ័ណ្ឌ ច័ន្ទសុផល ក៏​បាន​សម្ភាស និង​ផ្សាយ​បន្ត​ផ្ទាល់​ជាមួយ​នារី​ម្នាក់ ដែល​បាន​ចោទ​ព្រះតេជ​គុណ ស្រិល វណ្ណា ផង​ដែរ។

ថ្លែង​ក្នុង​ពិធី​សម្ភោធកំណាត់​ផ្លូវ​ជាតិ​លេខ​៦ ​នៅ​ឯ​ខេត្ត​កំពង់ធំ​​នៅព្រឹក​នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា រឿង​ព្រះ​សង្ឃ​មាន​ស្រី​ឆាន់​ពោត​ ដែល​បាន​បែក​ធ្លាយ​តាម​បណ្តាញសង្គម​ហ្វេស​បុក​នៅពេលនេះ​​ កំពុង​តែ​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ជ្រួល​ច្របល់តាម​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ លោក ផែង វណ្ណៈ និង​លោក ខ័ណ្ឌ ច័ន្ទសុផល ដែល​លោក​ថា ជា​មន្ត្រី​​យោធានៃ​ក្រសួង​ការ​ពារជាតិ​។

លោកបាន​បន្ថែម​ថា ក្នុង​នាម​ជា​មន្ត្រី​មិនគួរ​ណា​យក​រឿង​បុគ្គល​ដែល​ត្រូវ​បាន​ដោះ​ស្រាយ​​ជិត​ស្ងប់​ស្ងាត់​ហើយ មក​ធ្វើ​ឲ្យ​ផ្អើល​ដល់​សាធារណជន​នោះ​ទេ ដោយលោក​ស្នើ​ឲ្យ​បញ្ឈប់​សកម្ម​ភាពនេះ​ជា​បន្ទាន់ និង​ព្រមាន​ដក​មន្ត្រី​ទាំង​ពីរ​នាក់​នោះផង​ដែរ។

[…] ហើយ​ព្រះពុទ្ធ​សាសនា​មិន​គួរ​ទៅ​ជា​អាប់​អោន​ដោយ​សារ​ការ​ប្រព្រឹត្តិ​មិន​គប្បី​ចំពោះ​ព្រះសង្ឃ​មួយ​អង្គឬ​ពី​រអង្គទេ ហើយ​ស្ត្រី​ខ្មែរ​គប្បី​មិន​ត្រូវ​បាន​បង្ខូចកិត្តិ​យសដោយ​សារ​ទង្វើ​​ខុស​ឆ្គងរបស់​ស្ត្រី​ម្នាក់​ឬ​ពីរ​នាក់​ដែរ។ តើ​ខ្ញុំ​អាច​សុំ​បាន​ទេ​ពី​មន្ត្រី​យោធា​ទាំង​ពីរ​នេះ បើ​សុំមិន​បាន ជម្រើស​ដែល​នៅ​សេស​សល់​មាន​តែ​ដេញ​ចេញពី​ជួរ​ឲ្យ​ទៅ​ធ្វើ​អ្នក​ហ្វេសបុក​បណ្តោយ​ទៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​ព្រមាន​ជា​សាធារណៈ​បែប​នេះ ​​លោក ផែង វណ្ណៈ និង​លោក ខណ្ឌ័ ចន្ទ័សុផល បាន​សន្យា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ពួកគេ​ថា​ នឹង​ឈប់​ផ្សព្វផ្សាយ​រឿង​ទាំង​នោះ​ទៀត​ហើយ។

លោក ខ័ណ្ឌ ចាន់សុផល (ឆ្វេង) និងលោក ផែង វណ្ណៈ (ស្ដាំ)

អ្នក​នាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាតិ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា លោក ផែង វណ្ណៈ គឺ​ជា​មន្ត្រី​យោធា​ស័ក្តិ ៤​កន្លះ បន្ទាប់​ពី​ផ្ទេរ​ពី​ក្រសួង​មហាផ្ទៃ ខណៈ​ដែល​លោក ខ័ណ្ឌ ច័ន្ទសុផល ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ ៤ នៅ​ខុទ្ទកាល័យ​​អគ្គមេ​បញ្ជាការ​យុទ្ធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន។

លោក ឈុំ សុជាតិ បាន​បន្ថែម​ថា ក្រសួង​ការពារ​ជាតិ នឹង​ចាត់​វិធានការ​នា​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​ប្រមូល​បាន​ទិន្នន័យ​របស់​មន្ត្រី​យោធា​ទាំង​ពីរ​រូប​នេះ។

លោកថា៖ «ថ្នាក់​ដឹក​នាំក្រសួង និង​ថ្នាក់​ដឹក​នាំ​អគ្គ​បញ្ជា​ការ ​នឹង​​មានវិធាន​ការ​ហើយ ហៅ​គាត់​ជួប​ដើម្បី​ធ្វើ​ការ​ណែនាំ ឬ​ក៏​អនុវត្ត​តាម​បទបញ្ជារបស់​ក្រសួងការ​ពារ​ជាតិ គឺ​មាន​​ផែន​ការ​ហើយ»។

អ្នក​ស្រាវ​ជ្រាវការ​អភិវឌ្ឍ​សង្គម លោក ប៉ា ច័ន្ទរឿន បាន​គាំទ្រទៅ​នឹង​ចំណាត់​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នេះ តែ​លោក​ថា​ រដ្ឋា​ភិ​បាល​​គួរ​តែ​មានវិធាន​ការ​ទប់​ស្កាត់​បញ្ហា​នេះ​កុំ​ឲ្យ​កើត​មាន ជា​ជាង​ទប់​ស្កាត់​តែ​បញ្ហា​បន្ទាប់​ តែ​បញ្ហា​ដំបូង​មិនត្រូវ​បាន​ទប់​ស្កាត់​នោះ។

ខ្ញុំស្ដាប់​របៀបគាត់សម្ភាសន៍ហ្នឹង វាមិនមែនជាលក្ខណៈជាអ្នកសារព័ត៌មាន ឬក៏អ្នកស្រាវជ្រាវ ដែលប្រកាន់តាមក្រមសីលធម៌វិជ្ជាជីវៈអ្នកកាសែត ក្រមសីលធម៌អ្នកស្រាវជា្រវទេ។ ខ្ញុំពិបាកក្នុងការទទួលយកមែនទែន ចំពោះឥរិយាបថរបៀបដែលគាត់​ធ្វើការសម្ភាសហ្នឹង ជាពិសេស គឺគាត់បានថែមល្បែល្បោយ រហូតដល់ប្រើពាក្យអសុរសនៅក្នុងហ្នឹង

អ្នក​ស្រាវ​ជ្រាវការ​អភិវឌ្ឍ​សង្គម លោក ប៉ា ច័ន្ទរឿន

លោក ផែង វណ្ណៈ និង​លោក ខ័ណ្ឌ ច័ន្ទសុផល បាន​បង្ហោះ​រូបថត​កាំភ្លើង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​បាន​គំរាមកំហែង​​ទៅ​លើ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ផង​ដែរ កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ទាំង​ពីរ​រូប​នេះ ដែល​ជា​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច​នោះ មិន​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ