នា​យក​រដ្ឋ​មន្ត្រី​បញ្ជា​ឲ្យ​សិក្សា​ផល​ប៉ះ​ពាល់​នៃ​ជម្លោះ​ពាណិ​ជ្ជ​កម្មពិភពលោកលើកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ​ និងគោរមងារកិត្តិយស ជូនមន្រ្តីជាន់ខ្ពស់៨រូប នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី ១៩ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន រំឭកមន្ត្រីជាន់ខ្ពស់ ឲ្យសិក្សាពីផលប៉ះពាល់ដល់កម្ពុជា ដោយថា បើគ្មានអ្វីប្រែ​ប្រួ​ល​​ទេ សង្គ្រាមពាណិជ្ជកម្មពិភពលោក នឹងផ្ទុះឡើងពេញទំហឹងនៅប៉ុន្មានថ្ងៃទៀតនេះ។

ក្នុងពិធីប្រកាសគោរមងារ ដល់មន្ត្រីជាន់ខ្ពស់មួយចំនួន នៅរាជបណ្ឌិត្យសភា នាថ្ងៃអង្គារនេះ លោក ហ៊ុន សែន ​ថ្លែងថា បើគ្មា​នអ្វី​ប្រែ​ប្រួលទេ នៅប៉ុន្មានថ្ងៃទៀតនេះ សង្រ្គា​មពា​ណិជ្ជកម្មពិភពលោក អាចនឹងផ្ទុះឡើងពេញទំហឹង។ លោកថា ដោយ​សា​រតែស​ហរ​ដ្ឋអា​មេ​រិក ហា​ក់​បែ​កចេញពីប្រទេសកំពុងអភិវឌ្ឍចំនួន៦ផ្សេងទៀត រួមទាំងមានជម្លោះ​ពា​ណិ​​ជ្ជកម្មជាមួ​យប្រទេសចិន។

លោក ហ៊ុន សែន ថ្លែងទៀតថា បញ្ហានេះ ជាសភាពការណ៍ថ្មីកំពុងស្ថិតនៅចំពោះមុខរបស់កម្ពុជា។ លោករំឭកឲ្យមន្ត្រីទៅ​រា​ជ​​ប​​ណ្ឌិ​ត្យ​ស​​ភា​​​ដែ​​​លជា​ធនា​គារខួរក្បាល របស់រដ្ឋាភិបាល ត្រូវសិក្សាពីផលប៉ះពាល់ ដើម្បី​ឆ្លើយតបទៅ​នឹងប​ញ្ហានេះ​ដែលអា​ច​កើ​ត​ឡើងនៅកម្ពុជា។

លោកថា៖«នេះជាបញ្ហាមិនតូចតាចទេ។ ពិតមែនតែបញ្ហាឧបទ្វីបកូរ៉េ បានធូរស្រាល។ ក៏ប៉ុន្តែបញ្ហាសកលបានកើតឡើងហើយ។ ហើ​​យនេះ​ជាបញ្ហាប្រឈមដ៏ធំសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងតំបន់របស់យើង»។

បណ្ឌិតសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភារបស់រដ្ឋាភិបាល លោក គី សេរីវឌ្ឍន៍ ឲ្យ VOD ដឹងតាមទូរស័ព្ទថា ក្រុមការងារ របស់​លោ​ក​បា​នឯ​ក​ភា​ព​គ្នា​ថា នឹងសិក្សាពីបញ្ហានេះ។ ប៉ុន្តែលោកថា បើសង្គ្រាមពាណិជ្ជកម្មពិភពលោកផ្ទុះឡើងមែន កម្ពុជា​នឹង​មិន​ប៉ះ​​ពា​​ល់​​ធ្ងន់​ធ្ង​រទេ​ដោ​យថា ទំនាក់ទំនងពាណិជ្ជ​កម្មរបស់កម្ពុជាមិ​នពឹងផ្អែកលើមហាអំ​ណាចនៃប្រទេសណា​មួយ​ផ្តា​ច់​មុខ​នោះ​ទេ។

ទោះជាយ៉ាងណាក៏ដោយ បណ្ឌិតផ្នែកសេដ្ឋកិច្ចរូបនេះលើកឡើងថា បើសង្គ្រាមពាណិជ្ជកម្មពិភពលោកផ្ទុះមែន កម្ពុ​ជានឹងរង​ផ​ល​​ប៉ះ​ពា​ល់​មុនគេ ផ្នែកវិ​ស័​យអចលនទ្រព្យ និងវិស័យកាត់ដេរ។

ផលប៉ះពាល់គឺ វិស័យអចលទ្រព្យមុនគេហើយ ទី១ ។ទី២លើកលែងតែការដាក់សម្ពាធលើវិស័យកាត់ដេរ ដោយសា​រស​ហ​គមន៍អឺរ៉ុបចោទប្រកាន់កម្ពុជា ថាកម្ពុជាលូកដៃចូលជាមួយប្រទេសចិនខ្លាំងនោះ វាអាចមានសម្ពាធដល់វិស័យ​កាត់ដេ​រ។​ អញ្ចឹ​ង​ខ្ញុំ​មើលឃើញមានពីរហ្នឹង គឺផ្នែកវិស័យអចលនទ្រព្យ និងវិស័យកាត់ដេរ

បណ្ឌិតសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភារបស់រដ្ឋាភិបាល លោក គី សេរីវឌ្ឍន៍

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនពិគ្រោះយោបល់ (EMC) លោក ង៉ែត ជូ ពន្យល់ប្រហាក់ប្រហែលដែរថា បើសង្គ្រាមពាណិជ្ជកម្មពិភពលោកផ្ទុះឡើងមែន វិស័យទេសចរណ៍ និងកសិកម្ម ក៏រងផលប៉ះពាល់ដែរ ដោយថា កម្ពុជា បាននាំចេញ ទាំងសម្លៀកបំពាក់ ស្រូវអង្ករ ទៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិនផងដែរ។

សេដ្ឋកិច្ចយើងពឹងផ្អែកខ្លាំង ទៅលើការវិនិយោគពីបរទេសពិសេសចិន។ អញ្ចឹងបើសិនជាវាកើតឡើងទៅលើប្រទេសចិន ជាធម្មតាគេត្រូវការផ្តោតការយកចិត្តទុកដាក់ស្រោចស្រង់ សេដ្ឋកិច្ចរបស់គេអញ្ចឹងដែរ។ អញ្ចឹងយើងក្លាយជាប្រទេសដែលបន្ទាប់បន្សំក្នុងការយកចិត្តទុកដាក់ស្រោចស្រង់ស្ថានការណ៍

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនពិគ្រោះយោបល់ (EMC) លោក ង៉ែត ជូ

តានតឹងរវាងអាមេរិកជាមួយនិង​សហភាពអឺរ៉ុប និង កាណាដា បានកើតឡើងក្រោយពេល​សហរដ្ឋអាមេរិក​បានចេញ​សេចក្តីសម្រេចមួយដែល​តម្រូវឲ្យមានការដំឡើងពន្ធនាំចូល ដែក ​និង អាលុយមីញ៉ូម ចូលទឹកដីអាមេរិក។​ ទាំងអឺរ៉ុប និងកាណាដា​បានប្រតិកម្មថាពួកគេនឹងសងសឹកអាមេរិកវិញ ដោយដំឡើងពន្ធលើទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិក​ដែល​នាំចូលប្រទេស​ទាំងនោះ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏មានភាពតានតឹងផងដែរក្នុងរឿងពាណិជ្ជកម្មជាមួយចិន ហើយបានប្រកាសដាក់ទណ្ឌកម្មលើចិនដោយចោទថាចិនលួចចម្លងម៉ាកផលិតផលរបស់ខ្លួន។ ទណ្ឌកម្មនេះ​ចាប់ផ្តើម​​អនុវត្តពីថ្ងៃទី៦ខែកក្កដា។​ ជាការសងសឹកភ្លាមៗ ចិន​បានប្រកាសដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិកវិញ ក្នុងការដំឡើងពន្ធលើទំនិញចំនួន​៦៥៩ប្រភេទ ដែលមានទឹកប្រាក់៥០ពាន់លានដុល្លារដែរ។  កាលបរិច្ឆេទនៃការអនុវត្តទណ្ឌកម្មនេះ​ក៏ចាប់ផ្តើម​នៅថ្ងៃទី៦ខែកក្កដាដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ