កម្ពុជា​ប្រតិកម្ម​សេច​ក្តី​ថ្លែងការណ៍​អ្នកជំនាញ​សិទ្ធិមនុស្ស ​UN ​ថា​ជា​«ទង្វើ​ជ្រៀតជ្រែក​»

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត និហលោក ដាវីដ កាយ៉េ អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ។ រូបភាព៖ ហ្វេសប៊ុក Special Rapporteur Cambodia

កម្ពុជា ចាត់ទុក​សេច​ក្តី​ថ្លែងការណ៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដែល​បង្ហាញ​កង្វល់​ថា​ រដ្ឋាភិបាល​កំពុង​ប្រើ​ច្បាប់ព្រហ្មទណ្ឌ​ ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​នោះ​ថា​ជា​«ទង្វើ​ជ្រៀតជ្រែក​»

កាលពី​ថ្ងៃពុធ​ ទី១៩ ខែមិថុនា​ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ លោក​ស្រី​ រ៉ូ​ណា​ ស្មី​ត និង​លោក David​ Kaye​ បាន​ចេញ​សេច​ក្តី​ថ្លែងការណ៍​រួម​លើកឡើង​ថា ​ខ្លួន​មាន​កង្វល់​ចំពោះ​សកម្មភាព​រដ្ឋាភិបាល​ក្នុង​ការ​បំបិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ​។

កង្វល់​នោះ ​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ផ្តោត​ទៅលើ​ការប្រើ​ច្បាប់ព្រហ្មទណ្ឌ​ដើម្បី​កំណត់​គោលដៅ​ បំភិតបំភ័យ​ ការ​ចាប់​ឃុំខ្លួន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ​ការចោទប្រកាន់​ពី​បទ​ញុះញង់​ និង​ចោទ​ថា​ ​រំលោភ​សាល​ដីការ​តុលាការ​កំពូល​ចុះ​ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧​។

ប៉ុន្តែ​ សេច​ក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី២០ ខែមិថុនា​ ពីទី​ក្រុង​ហ្វឺ​ណែវ ​របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ​បាន​លើកឡើង​ថា​ អាណត្តិ​របស់​អ្នករាយការណ៍​ពិសេស​គឺ​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​ និង​ការពារ​សិទ្ធិមនុស្ស​ មិនមែន​ធ្វើ​សេច​ក្តី​ថ្លែងការណ៍​ឱ្យ​គេ​មើលឃើញ​ថា​ជា​ «ទង្វើ​ជ្រៀតជ្រែក​ក្នុង​យុត្ថា​ធិការ​ក្នុង​ស្រុក​នៃ​រដ្ឋ​អធិបតេយ្យ​ឡើយ​»

លិខិត​ដដែល​ លើកឡើង​ទៀត​ថា​ កម្ពុជា​មិន​ភ្ញាក់​ផ្អើ​លទៅ​នឹង​ការ​លើកឡើង​របស់​អ្នករាយការណ៍​ពិសេស​ទាំងពីរ​រូប​នេះ​ទេ ​ដោយ​ថា ​ពួកគេ​តែងតែ​មើល​មិនឃើញ​ពីការ​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ ពី​ការ​លើកកម្ពស់​សិទ្ធិមនុស្ស ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ ។

កម្ពុជា​បានប្រៀប​ធៀប​ថា​ អ្នករាយការណ៍​ពិសេស​តែងតែ​មើលឃើញ​ទឹក​កន្លះ​កែវ​ ថា​ជា​កែវ​គ្មាន​ទឹក​  ​និង​តែងតែ​សន្មត​ទុកមុន​ថា​ ជា​កំហុស​លើ​វិធានការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ ស៊ឹង​ សែន​ករុណា​ ហៅ​ប្រតិកម្ម​របស់​តំណាង​រដ្ឋាភិបាល​នៅ​អង្គការសហប្រជាជាតិ​នេះ​ថា​ ហាក់​បាន​ព្យាយាម​គេច​ចេញពី​ការទទួលខុសត្រូវ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក ​ថា​៖ «ការ​បដិសេធ​ទាំងឡាយ​ណា​ ដែល​គ្រាន់តែ​ធ្វើ​ឱ្យ​ថា​បាន​ធ្វើ​ដែរ​ មិន​អាច​ឆ្លើយតបទៅនឹង​បញ្ហា​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​ទេ​។ គេ​មើលឃើញ​ក្នុង​លក្ខខណ្ឌ​បែបហ្នឹង​ ព្រោះ​គេ​សុទ្ធតែ​ជា​សាស្ត្រា​ចារ្យ​ និង​ជា​អ្នកជំនាញ​ពិសេ​ស ​​មា​ន​​បេសកកម្ម​ត្រឹមត្រូវ​សម្រាប់​ត្រួតពិនិត្យ​កម្ពុជា​»។

បើ​តាម​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ កម្ពុជា​មាន​កាតព្វកិច្ច​គោរព​សិទ្ធិមនុស្ស​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​កតិកាសញ្ញា​អន្តរ​ជា​តិស្ដី​ពី​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​ ចំណែក​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​មាន​តួនាទី​ឃ្លាំមើល​ និង​ជំរុញ​រាល់​បញ្ហា​ដែល​ខ្លួន​រក​ឃើញ​ តប​តាមច្បាប់​អន្តរជាតិ​នានា​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​។

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ មានប្រសាសន៍​ថា​ ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ អង្គការសហប្រជាជាតិ​មាន​តួនាទី​សំខាន់​ក្នុង​ការជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

អ្នក​តាមដាន​សង្គម​រូប​នេះ​ រំឭក​ថា​ មន្ត្រី​រដ្ឋាភិបាល​គួរ​ពិនិត្យមើល​ច្បាប់អន្តរជាតិ​នានា​ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន​ឡើង​វិញ​ ដើម្បី​ឱ្យ​ប្រាកដ​ថា ​តើ​អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​មាន​តួនាទី​នៅ​បន្ត​ឃ្លាំមើល​ ជំរុញ​ និង​បង្ហាញ​ក្តី​បារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ​ឬទេ​ ចៀស​វាង​ការ​បញ្ចេញ​ប្រតិកម្ម​ទៅ​ ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​រដ្ឋាភិបាល​លើឆាកអន្តរជាតិ​។

លោក មានប្រសាសន៍​ថា​៖ «អ្វី​ដែលគេ​លើកឡើង​នេះ​ វា​ស្ថិតនៅ​ក្នុង​ទិដ្ឋភាព​មួយ​ដែល​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​វិធានការ​របស់​ស​ហ​គមន៍​​អឺរ៉ុប​ ដែលគេ​នឹង​ដក​អត្រា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ជា​បញ្ហា​មួយ​ដែលគេ​រំឭក​ គេ​ដាស់តឿន។ គេ​ពញ្ញាក់​ស្មារតី​យើង​ថា ​កាល​បរិ​ច្ឆេ​ទនេះ​ជិតដល់​ពេល​ហើយ​។ វា​ជា​ការដាស់តឿន​មួយ​ល្អ​ទេ​ គ្រាន់​ថា​ អាស្រ័យ​ទៅលើ​ស្មារតី​ ឬក៏​ឥរិយាបថរបស់​ថ្នាក់ដឹកនាំ​នយោបាយ​ទេ ​ថា​តើមាន​សុ​ច្ឆ​ន្ទះៈកែទម្រង់​កម្រិត​ណា​ទេ​»។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP ​របស់​អាមេរិក​ និង EBA​ របស់​អឺរ៉ុប​ កំពុង​គំរាមកំហែង​កាត់​ផ្តាច់​ពី​កម្ពុជា​បើ​រដ្ឋាភិបាល​មិន​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ទាន់ពេល​តាម​ការ​ទាមទារ​។

របាយការណ៍​របស់​ក្រុម​អ្នកបញ្ជា​ទិញ​ នៅ​ឆ្នាំ២០១៨​ ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP​ និង EBA​ កម្ពុជា​នាំ​ទំនិញ​ទៅ​លក់​គិតជា​ទឹកប្រាក់​ ៨,៥ពាន់​លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជកម្ម​នេះ​ ស្មើនឹង​ ៣៨ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​ ) របស់​កម្ពុជា​។

យ៉ាងនេះ​ក្តី ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​លើកឡើង​ថា​ វោហា​សាស្ត្រ​នយោបាយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ញុះញង់​ ការ​ស្អប់ខ្ពើម​ ការរើសអើង​អំពើ​ហិង្សា​ និង​ការ​អំពាវនាវ​ឱ្យ​មានការ​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់ឆ្នោត​ មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ​ តែថា​ វា​ជា​ឧបករណ៍​ធ្វើ​ឱ្យ​អន្តរាយ​ដល់​នីតិរដ្ឋ​ សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ