កម្ពុជា​ច្រានចោល​ការរិះគន់​របស់​អ្នកជំនាញ UN ជុំវិញ​អនុក្រឹត្យ​ស្ដីពី​«ច្រកទ្វារអ៊ីនធឺណិតជាតិ»

ឯកអគ្គទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខឿន ឡើងថ្លែងនៅក្នុង​សម័យប្រជុំលើកទី​៤៣ កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពី ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅ​ទីក្រុងហ្សឺណែវ។ (ហ្វេសប៊ុក៖ Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាងដាច់អហង្ការចំពោះ​សេចក្ដីថ្លែង​ការណ៍​របស់​អ្នកជំនាញផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ចំនួន៣រូប ជុំវិញការរិះគន់លើ​អនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ»។

ប្រតិកម្មនេះធ្វើឡើងក្រោយអ្នកជំនាញអង្គការសហប្រជាជាតិ ៣រូប បានចេញសេចក្ដីថ្លែងការណ៍ទទូចឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ផែនការអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ដោយអះអាងថា អនុក្រឹត្យនេះមានការរឹតត្បិត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

សេចក្ដីថ្លែងការណ៍របស់តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ចុះថ្ងៃទី១ ខែកុម្ភៈ បានចាត់ទុកការលើកឡើង​របស់​​អ្នករាយការណ៍ពិសេសអង្គការ​សហប្រជាជាតិទាំង៣រូប ថា​មើលឃើញតែមួយជ្រុង ធ្វើនយោបាយូបនីកម្ម បែបស្រមើស្រមៃ និងបង្កការភ័ន្តច្រឡំ ខណៈខ្លួនពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹង «ច្រកទ្វារអ៊ីនធឺណិតជាតិ» នៅកម្ពុជា។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវបន្តថា ការបង្កើតអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» នេះ ពុំមែនមិនធ្លាប់មានក្នុងពិភពលោកនេះឡើយ។

តំណាងកម្ពុជាបន្ថែមថា ឧបករណ៍ដ៏សំខាន់នេះត្រូវបានអនុម័តសម្រាប់គោលដៅស្របច្បាប់ ដើម្បីជួយសម្រួលនិងគ្រប់គ្រងការតភ្ជាប់អ៊ីនធឺណិត ពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ និង​ជួយ​រក្សាសណ្ដាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ។

តំណាងកម្ពុជា​គូសបញ្ជាក់​​​ថា៖ «គ្មានកថាខណ្ឌណាមួយក្នុងអនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិ អនុញ្ញាតឱ្យមានការប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឬការឃ្លាំមើលលើបុគ្គលឡើយ។ ការតភ្ជាប់ ឬប្រតិបត្តិការបច្ចេកទេសទាំងអស់ត្រូវបានធ្វើឡើងដោយមានការធានាសន្តិសុខ និងរក្សាទុកក្នុងប្រព័ន្ធសុវត្ថិភាព ស្របទៅតាមបទដ្ឋានអន្តរជាតិ។ ដើម្បីការពារសិទ្ធិឯកជនភាពរបស់បុគ្គល ច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គលនឹងត្រូវបានតាក់តែងឡើង និងឆ្លងកាត់ការពិគ្រោះយោបល់ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន»។

តំណាងកម្ពុជានៅទីក្រុងហ្សឺណែវ បានបន្ថែមថា រដ្ឋាភិបាលកម្ពុជានៅ​តែ​ប្តេជ្ញា​ការ​ពារ​ឯកជន​ភាពនិងសេរីភាពក្នុងការបញ្ចញមតិតាមរយៈប្រព័ន្ធអ៊ីនធឺណិត។

រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សូ វិសុទ្ធី ចាត់ទុកការលើកឡើងរបស់​សង្គមស៊ីវិល ដែលថាអនុក្រឹត្យស្ដីពីការបង្កើត «ច្រកទ្វារអ៊ីនធឺណិតជាតិ» ជាចេតនារបស់រដ្ឋាភិបាលក្នុង​ការចាប់យកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ថាជារឿងយល់ច្រឡំ។

លោកប្រាប់ វីអូឌី តាមតេឡេក្រាម​ថា៖ «មានការយល់ច្រឡំ និងលើកឡើងជាបន្តបន្ទាប់ថា អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ជាចេតនារបស់រាជរដ្ឋាភិបាល ដែលអាចចាប់យកទិន្នន័យផ្ទាល់​ខ្លួនរបស់​អ្នកប្រើប្រាស់ រឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ល។»

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី យល់ថា ការ​ផ្ដល់​យោបល់ណាមួយតែងតែមានហេតុផល ហើយ​​កម្ពុជា​គួរ​ពិចារណា​ថា​តើ​ហេតុ​ផល​ដែល​អ្នក​រាយ​ការណ៍​ពិសេស​បាន​លើក​ឡើងនោះមានភាពសមស្រប​នឹងបរិបទសង្គម និង​មាន​​ផល​​ប្រយោជ​ន៍​​សម្រាប់​សិទ្ធិមនុស្ស និង​សេរីភាពមូលដ្ឋានរបស់​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យដែរឬយ៉ាងណា។​

លោក​បន្ថែមថា អនុក្រឹត្យស្ដីពីការបង្កើត «ច្រកទ្វារអ៊ីនធឺណិតជាតិ» នេះ តម្រូវឱ្យក្រុមហ៊ុន​គ្រប់​គ្រង​អ៊ីន​ធឺណិត​នៅកម្ពុជាទាំង​អស់ប្រតិបត្តការបណ្ដាញរបស់ខ្លួនតាមច្រកទ្វារមួយ​ដែល​គ្រប់​គ្រង​​ដោយ​​រដ្ឋាភិ​បាល ហើយក្រុមហ៊ុនទាំងនោះ​អាចមាន​សិទ្ធិ​តាម​ដាន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​គ្រ​ប់​រូប។

លោក ណុប វី មានប្រសាសន៍ថា៖ «អ្វីដែលយើងបារម្ភ គឺខ្លាចថាអ្នកដែលគាត់ចង់ចូលរួមបញ្ចេញមតិអីហ្នឹង គឺគាត់លែងអាចបញ្ចេញមតិបាន ដោយសារគាត់មានការភ័យខ្លាចៗ អ៊ីចឹងគាត់មាន censorship [ការចាប់ពិរុទ្ធ]»។

លោកបន្តថា៖ «ខ្លឹមសារដែលមាននៅក្នុងអនុក្រឹត្យ គឺមានភាពទូលំទូលាយពេក ដោយសារតែនៅពេលដែលរដ្ឋាភិបាលមានការព្រួយបារម្ភ ឬមួយក៏គាត់មើលឃើញការទំនាក់ទំនងណាដែលគាត់បារម្ភរឿងទាក់ទងជាមួយនឹងផលប្រយោជន៍ ដូចជា សណ្ដាប់​ធ្នាប់សា​ធារណៈ សន្តិសុខ​ជាតិ ឬមួយក៏បញ្ហាផ្សេងៗ វប្បធម៌ សីលធម៌ សង្គមអីហ្នឹង គឺគាត់អាចកាត់ផ្ដាច់ការប្រើប្រាស់បណ្ដាញ ​[របស់អ្នកប្រើ] ហ្នឹងបាន»។

លោក ណុប វី ចង់ឃើញមន្ត្រីអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ជួប​ជជែក​គ្នាលើបញ្ហានេះ ទទួលយោបល់ទៅវិញទៅមក ដើម្បីធានានូវភាពវិជ្ជមានដល់សង្គម។

ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣១ ខែមករា បានចេញសេចក្ដីថ្លែងការណ៍មួយជំរុញឱ្យអាជ្ញាធរកម្ពុជាផ្អាកផែនការអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ ដោយអះអាងថា អនុក្រឹត្យនេះមានការរឹតត្បិត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

បើតាមអ្នកជំនាញ អនុក្រឹត្យនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជាអាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីធឺណិត ស្កាត់ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់នីមួយៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ